មនុស្ស៨ពាន់នាក់នឹងចូលរួមក្នុងពិធីអបអរសាទរខួប១០ឆ្នំាប្រាសាទព្រះវិហារ និងខួប១ឆ្នាំប្រាសាទសំបូរព្រៃគុក ចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ឺ វីរ: អនុរដ្ឋលេខាធិការក្រសួងវប្បធម៍CNCថា ពិធីអបអរសាទរខួប ១០ឆ្នំាប្រាសាទព្រះវិហារ និងខួប១ឆ្នាំ តំបន់ប្រាសាទសំបូរព្រៃគុកចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នឹងប្រព្រឹត្តទៅនៅព្រលប់ថ្ងៃអាទិត្យ ១៥ ខែកក្កដា ខាងមុខ និងមានមនុស្ស៨ពាន់នាក់ចូលរួម ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ឯកឧត្តមអនុរដ្ឋលេខាធិការបានថ្លែងបន្តទៀតថា ក្នុងចំណោមមនុស្ស៨ពាន់នាក់ដែលចូលរូមក្នុងពិធីខាងលើនេះ រួមមាន៤ពាន់នាក់មកពីសហភាពសហព័ន្ធយុវជនកម្ពុជា ២ពាន់នាក់មកពីរាជធានីភ្នំពេញ និង២ពាន់នាក់ទៀតមកពី ស្ថាប័នកងយោពលខេមរភូមិន្ទ នគរបាលជាតិ មន្ត្រីរាជការតាមមន្ទីរ ក្រសួងនានា សមាគមន៍កាយារិទ្ធកម្ពុជា ។ ល។

ឯកឧត្តម ហ៊ឺ វីរៈ បានថ្លែងបញ្ជាក់ទៀតថា គណះកម្មាធិការរៀបចំកម្មវិធីបានគោរពអញ្ជើញអង្គទូតបរទេស ទំាងអស់ មកចូលរួម ក្នុងពិធីខាងលើ ហើយមកទល់នឹងព្រឹកថ្ងៃសុក្រនេះ គណះកម្មាធិការបានទទួលការអះអាងថា បានចូលរួមពីសំណាក់ អង្គទូត ប្រមាណ៦០ភាគរយហើយ ក្រៅពីនេះគណះកម្មាធិការក៍បានគោរពអញ្ជើញអភិបាលខេត្តរាជធានីទំាង២៥ ក្នុងកម្ពុជាផង ។

អនុរដ្ឋលេធិការរូបនេះបានបញ្ជាក់ប្រាប់CNCទៀតថា កម្មវិធីខាងលើនឹងមានការបាញ់កំាជ្រួចចំនួន២លើក លើកទី១ ៣នាទី បន្ទាប់ពីអ្នកចូលរួមទំាងអស់ច្រៀងរួមគ្នា នូវបទ ពង្សសាវតាខ្មែរ ហើយលើកទី២ ចំនួន១០នាទី បន្ទាប់ពីការសំដែងចំរៀងបទ មនោទិកាភាពជាតិខ្មែរ ដែលសំដែងដោយសិល្បករ សិល្បការិនីចំរុះ ។

ជាមួយគ្នានេះដើម្បីអបអរសាទរដល់ខួប១០ឆ្នំាប្រាសាទព្រះវិហារ និងខួប១ឆ្នាំប្រាសាទសំបូរព្រៃគុក ចុះក្នុងបញ្ជី បេតិកភណ្ឌ ពិភពលោក ក្រសួងធម្មការនឹងសាសនា បានស្នើដល់ប្រធានមន្ទីរធម្មការនិងសាសនាខេត្តក្រុងទាំងអស់ ទូទាំងប្រទេស ត្រូវត្រៀមរៀបចំទូងស្គរ ឫជួង រគាំង នៅថ្ងៃនោះដោយចាប់ផ្តើមនៅម៉ោង ៩ព្រឹក ឱ្យបានព្រមៗគ្នា។

សូមបញ្ជាក់ថា ប្រាសាទព្រះវិហារត្រូវបានយូណេស្កូទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌវប្បធម៍រូបីពិភពលោកកាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា រីឯ តំបន់ប្រាសាទសំបូរព្រៃគុកត្រូវបានយូណេស្កូទទួលស្គាល់ជា សម្បត្តិ បេតិកភណ្ឌវប្បធម៍រូបីពិភពលោកកាលពីថ្ងៃទី៨ កក្កដា ឆ្នំា២០១៨ នៅទីក្រុង ក្រាកូវ ប្រទេសប៉ូទ្បូញ ៕


អត្ថបទ ៖ ខៀវ កូឡា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation