ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនមនុស្សស្រី ១៤ នាក់ ករណីបង្ក្រាបទីតាំងខារ៉ាអូរខេ យីហោ ប៊ីខ្លឹប ក្នុងក្រុងសែនមនោរម្យ

image


ដោយ៖ នាង ចន្ថា

មណ្ឌលគិរី៖ សមត្ថកិច្ចឃាត់ខ្លួនមនុស្សស្រី ១៤នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែង ដែលមានស្លាកយីហោ “ប៊ីខ្លឹប” ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដឹកដោយលោកស្រីឧត្តមសេនីយ៍ត្រី ហួន គឹមហេង ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងកម្លាំងអធិការនគរបាលក្រុង នាយប់ថ្ងៃទី២៥ សីហា ឆ្នាំ២០២០ វេលាម៉ោង០៩ និង៣៥ នាទី ។

ក្នុងការចុះបង្រ្កាបទីតាំងខារ៉ាអូខេខាងលើ សមត្ថកិច្ច បានធ្វើការដកហូតសម្ភារមួយចំនួន យកមករក្សាទុកនៅការិល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការរដ្ឋាននគរបាលខេត្ត ។

លោកស្រីឧត្តមសេនីយ៍ត្រី ហួន គឹមហេង បានបញ្ជាក់ថា កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងកម្លាំងអអិការរដ្ឋាននគរបាលក្រុងសែនមនោរម្យ បានលបឆ្មក់ចូលបង្រ្កាបជាក់ស្តែង ឃើញមាននារីបម្រើសេវាខាអូរ៉ាអូខេ នៅយីហោ ប៊ីខ្លឹប មានចំនួន ១៤នាក់ ក្នុង បន្ទប់ចំនួន០៥ និងរឹបអូសបានសម្ភារដែលបំរើឱ្យសេវាខារ៉ាអូខេមួយចំនួន។

ចំណែកស្ត្រីបម្រើសេវាខារ៉ាអូខេ គ្រាន់តែអប់រំណែនាំ ពន្យល់ហេតុផលនៃការប្រមូលផ្តុំប្រឈមនឹងការងាយឆ្លងកូវីដ១៩ រួចក៏ឱ្យទៅកន្លែងវិញ។

លោកស្រី ឧត្ដមសេនីយ៍ត្រី បានឱ្យដឹងបន្ថែមថា ស្របពេលដែលជំងឺកូវីដ១៩ មិនទាន់ស្ងប់ស្ងាត់ក្នុងប្រទេសកម្ពុជា គ្រប់សេវាកម្មខារ៉ាអូខេ ក្លិបកំសាន្ត ដែលមានប្រមូលផ្តុំមនុស្សច្រើនទាំងអស់នៅក្នុងខេត្តមណ្ឌលគិរី ត្រូវផ្អាកសកម្មភាព ដើម្បីអនុវត្តទៅតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដានជំងឺកូវីដ១៩ ក្នុងនោះដែរ មន្ទីរទេសចរណ៍ បានសហការជាមួយអាជ្ញាធរមូលដ្ឋានស្រុក ចុះបិទបំរាមមិនអនុញ្ញាតឲ្យមានសេវាប្រមូលផ្ដុំឡើយ។

លោកស្រីឧត្ដមសេនីយ៍ត្រី បានបញ្ជាក់បន្ថែមថា ទោះបីកម្លាំងជំនាញ ចុះបង្ក្រាបជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏ក្លិបកម្សាន្តមួយចំនួននៅតែលួចបើក មិនរាងចាល និងអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញដែលផ្សព្វផ្សាយ។ តែទោះបីជាយ៉ាងណាលោកស្រី ឧត្ដមសេនីយ៍ត្រីស្នងការរង នៅបន្តបង្ក្រាបឱ្យដូចភ្លៀងរលឹម៕