ធនាគារអភិវឌ្ឍន៍ជនបទ ត្រៀមធ្វើអន្តរាគមន៍ ដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃពោតនៅក្នុងទីផ្សារ
| ព័ត៌មានជាតិ
SHARE

ខណៈដែលតម្លៃពោតនៅតាមបណ្តាខេត្តភាគខាងលិចប្រទេស ជាប់ព្រំដែនថៃ កំពុងធ្លាក់ថ្លៃ ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ រាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជន បទ (RDB) បានត្រៀមកញ្ចប់ថវិកាសម្រាប់ធ្វើអន្តរាគមន៍រួចជាស្រចហើយ ដើម្បីទប់ស្កាត់ការធ្លាក់ចុះ នៃតម្លៃពោតនៅក្នុងទីផ្សារ។


ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ដែលជាធនាគារគ្រប់គ្រងដោយរដ្ឋបានឲ្យដឹងថា RDB បានត្រៀមកញ្ចប់ថវិការួចហើយដើម្បីធ្វើអន្តរាគមន៍ ទីផ្សារពោតនៅក្នុងស្រុក ប្រសិនបើតម្លៃពោតបន្តធ្លាក់ថ្លៃក្នុងកម្រិតទាបដែលបង្កផល ប៉ះពាល់ដល់ជីវភាពប្រជាកសិករ។


ឯកឧត្តមបញ្ជាក់ថា ៖ " ឥឡូវនេះ យើងមានការសហការជាមួយក្រសួងពារណិជ្ជកម្ម កំពុងតាមដានអំពីស្ថានភាពទីផ្សារពោតយ៉ាងយកចិ្តទុកដាក់ ព្រមទាំងស្នើសុំគោលការណ៍ពីក្រសួងសេដ្ឋកិច្ចរួចហើយដែរ សម្រាប់ធ្វើអន្តរាគមន៍ភ្លាមៗ បើសិនជាមានការចាំចាច់"។


តែទោះជាយ៉ាងនេះក្តីអគ្គនាយក RDB រូបនេះអះអាងថា តម្លៃពោតនៅពេលនេះ មិនទាន់ធ្លាក់ថ្លៃដល់កម្រិតដែលធ្វើឲ្យកសិករខាតដើមនៅឡើយ។
តាមទម្លាប់ការលូកដៃអន្តរាគមន៍របស់រដ្ឋាភិបាល ដើម្បីស្រោចស្រង់ទីផ្សារកសិផលក្នុងស្រក គឺតាមរយៈផ្តល់កម្ចីសម្បទានក្នុងអត្រាការប្រាក់ទាបបំផុតទៅឲ្យក្រុមហ៊ុនឯកជនប្រមូលទិញកសិផល ក្នុងតម្លៃសមរម្យ ដែលប្រជាកសិករអាចទទួលយកបាន។


លោក សោម យ៉ិន ប្រធានក្រុមហ៊ុនម៉ាឡៃត្រឌីង ដែលជាក្រុមហ៊ុនទិញពោតនៅខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា តម្លៃពោតស្នូលដែលក្រុមហ៊ុនលោកប្រមូលទិញពីកសិករនៅត្រឹមថ្ងៃ ម្សិលមិញថ្លៃពី ៥១០ ទៅ ៥៤០រៀល ក្នុងមួយគីឡូក្រាម ដែលតម្លៃនេះ បានថយចុះប្រមាណ ១០០រៀល បើធៀបកាលពីចាប់ផ្តើមប្រមូលផលដំបូង។
តែលោកថា តម្លៃនេះ ទោះបីជាធ្លាក់ថ្លៃតែវានៅតែខ្ពស់ ជាងកាលពីឆ្នាំមុន ដែលមានតម្លៃពី ៤២០ទៅ ៤៨០រៀល ក្នុងមួយគីឡូក្រាម។


ឈ្មួញទិញពោត សម្រាប់នាំចេញទៅលក់ទីផ្សារប្រទេសថៃរូបនេះអះអាងថា តម្លៃពោតអាចនឹងបន្តធ្លាក់ថ្លៃបន្ថែមទៀត ដោយសារតែប្រជាកសិករនាំគ្នាសម្រុកប្រមូលផល ក្នុងពេលវា កំពុងញំាញីដោយទឹកភ្លៀង ដែលពួកគេបារម្ភថានឹងធ្វើឲ្យទិន្នផលពោតថមថយគុណភាព។ ហើយមួយវិញទៀតតម្លៃពោតនៅប្រទេសថៃក៏កំពុងធ្លាក់ថ្លៃផងដែរ។


លោក សោម យ៉ិន លើកឡើងថា ប្រសិនបើតម្លៃពោតស្នូលធ្លាក់ចុះនៅក្រោម ៤០០រៀល ក្នុងមួយគីឡូក្រាម នោះប្រជាកសិករនឹងប្រឈមការខាតបង់ជាមិនខានឡើយ ដោយសារតែកំណើនចំណាយថ្លៃដើមកើនឡើងខ្ពស់ បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ហើយមួយវិញទៀត កសិករភាគច្រើន គឺខ្ចីទុនពីធនាគារ។


លោកស​ម្តែងការគាំទ្រចំពោះគម្រោងធ្វើអន្តរាគមន៍របស់រាជរដ្ឋាភិបាល តែលោកថា វានៅតែជាបញ្ហាប្រឈមសម្រាប់ការរក្សាស្ថិរភាពទីផ្សារពោត ព្រោះថា ក្រុមហ៊ុនប្រមូលទិញពោតភាគ ច្រើនណាស់ ដែលមិនទាន់មានឡសម្ងួត ដែលធ្វើឲ្យពួកគេពិបាកក្នុងការប្រមូលទិញស្តុកទុករយៈពេលយូរ។ ម៉្យាងទៀត ទីផ្សារពោត នៅកម្ពុជា សព្វថ្ងៃ មិនមានភាពប្រាកដប្រជានៅឡើយពោលគឺពឹងផ្អែកខ្លាំងទៅលើទីផ្សារប្រទេសជិតខាង។
គួរម្លឹកផងដែរថា កាលពីឆ្នាំមុនរាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ធ្លាប់បានធ្វើអន្តរាគមន៍ ដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃពោតនៅក្នុងទីផ្សារ ដែលការអន្តរាគមន៍នោះគឺ ទទួលបានជោគជ័យគួរជាទីមោទនៈ៕

អត្ថបទ៖ សៀម ប៊ុនធី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation