កូនខ្មែរម្នាក់ ផលិតឥដ្ឋ ពីសំណល់ប្លាស្ទិក នៅក្រុងតាខ្មៅ
| ព័ត៌មានជាតិ
SHARE

កណ្ដាល៖ បើយោងតាមអត្ថបទរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី១៣ខែសីហា, កូនខ្មែរមួយរូប បានកែច្នៃយកសំណល់ប្លាស្ទិក ដែលគេបោះបង់ចោល មកផលិតជាដុំឥដ្ឋវិញ ដែលអាចជួយការពារបរិស្ថានផងដែរ។ 

លោក សុខធី គឺជាម្ចាស់សហគ្រាស នៅក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លោកបានដាក់ឈ្មោះផលិតផលថាជាឥដ្ឋអេកូឬឥដ្ឋបរិស្ថាន។ លោក សុខ ធី ធ្លាប់បានសិក្សាដកពិសោធន៍បច្ចេកទេសផលិតឥដ្ឋពីក្រៅប្រទេស ដូចជានៅប្រទេសម៉ាឡេស៊ី ឥណ្ឌា ថៃ ចិន និងហ្វីលីពីន។ 

បន្ទាប់មក លោកបានបង្កើតគំនិតផលិតឥដ្ឋអេកូនេះ ដោយទាញចេញពីសំណល់ប្លាស្ទិកចាប់ពីឆ្នាំ២០១៩កន្លងទៅនេះ។ លោក សុខ ធី បានសហការជាមួយសាលារៀន និងអាជ្ញាធរមូលដ្ឋាន ដើម្បីប្រមូលយកសំណល់ប្លាស្ទិក ថង់ប្លាស្ទិក កញ្ចប់មី កញ្ចប់នំ ទុយោជ័រ កំប៉ុងជ័រ ប្រអប់បាយ នៅតាមសាលារៀន និងតាមមូលដ្ឋាន ដែលសិស្សានុសិស្ស និងប្រជាសហគមន៍ បានរៀបចំទុកដាក់កាកសំណល់សំរាមពីប្លាស្ទិក ដោយឡែកពីសំរាមផ្សេងទៀត ដើម្បីយកទៅផលិតជាឥដ្ឋបរិស្ថាននេះឡើង។

ឥដ្ឋអេកូរបស់លោក សុខ ធី ត្រូវបានគេស្គាល់តាមរយៈការបង្ហាញតាមពិព័រណ៍ផលិតផលនាពេលកន្លងមក ហើយពួកគេ បានបញ្ជាទិញក្នុងចំនួនច្រើន ដោយលើកចិត្តចំពោះការគិតគូរ និងចូលរួមក្នុងការគ្រប់គ្រងបរិស្ថាន។ 

លោក សុខ ធី បានបង្ហាញថា ម៉ាស៊ីនផលិតដែលសព្វថ្ងៃ មានត្រឹមតែ៤គ្រឿង និងផលិតដោយប្រើដោយដៃនៅឡើយ។ សហគ្រាស អាចផលិតបានត្រឹមតែ ១០០ ទៅ ២០០ដុំតែប៉ុណ្ណោះ ដែលមិនទាន់តម្រូវការទីផ្សារនោះទេ។

លោក សុខ ធី បានបង្ហើបផងដែរថា លោកមានគម្រោងផលិត សម្ភារសំណង់ផ្សេងទៀត ដូចជា ក្បឿង និងឥដ្ឋការ៉ូ ចេញពីសំណល់ប្លាស្ទិកដូចគ្នាជាមួយឥដ្ឋអេកូដែរ ប៉ុន្តែលោកត្រូវការទុនច្រើន និងត្រូវការទិញម៉ាស៊ីនកែច្នៃធុនធំៗ៕

ប្រភព៖ ក្រសួងបរិស្ថាន

កែសម្រួល៖ លាភ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation