ព័ត៌មានជាតិ

មន្ត្រីសង្គមកិច្ចព្រួយបារម្ភការចំណាកស្រុកទៅក្រៅប្រទេសរបស់ពលរដ្ឋប្រឈមឆ្លងជំងឺកូវីដ១៩ និងការចាប់ខ្លួនពីអាជ្ញាធរប្រទេសជិតខាង

image

អត្ថបទ៖ គង់ វណ្ណៈ


ភ្នំពេញ៖ ដោយសារដំណាក់កាលកូវីដ ១៩នេះ ការធ្វើចំណាកស្រុកទៅក្រៅប្រទេស ជាពិសេសទៅប្រទេសថៃ ដែលមានការប្រឈមច្រើន ទាំងការឆ្លងជំងឺ និងការចាប់ខ្លួនរបស់អាជ្ញាធរថៃ ខណៈនៅក្នុងប្រទេសកម្ពុជា ឯណេះ រាជរដ្ឋាភិបាល ក៏មានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រដែរ ហេតុនេះមន្ត្រីជាន់ខ្ពស់ នៃក្រសួងសង្គមកិច្ច បានសំណូមពរដល់អ្នកដែលមានបំណងធ្វើចំណាកស្រុកទៅប្រទេសថៃ ជាដើម គួរតែផ្អាកមួយរយៈសិន។

លោក តូច ចាន់នី អគ្គនាយកបច្ចេកទេស នៃ ក្រសួងសង្គមកិច្ចថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា គ្មានសិទ្ធិហាមឃាត់ ហើយក៏គ្មានចេតនាហាមឃាត់ប្រជាពលរដ្ឋ ក្នុងការធ្វើចំណាកស្រុកទៅក្រៅប្រទេសឡើយ ប៉ុន្តែដំណាក់កាលនេះ គួរតែផ្អាកការធ្វើចំណាកស្រុក ដើម្បីស្វែងរកការងារនៅក្រៅប្រទេសមួយរយៈសិន ព្រោះប្រទេសដែលជាគោលដៅនោះ កំពុងមានស្ថានភាពធ្ងន់ធ្ងរជាង កម្ពុជា ទាំងកូវីដ ១៩ និងរឹតបន្តឹងការចេញចូលរបស់ជនបរទេស ជាពិសេសការចេញចូលដែលមិនមានឯកសារត្រឹមត្រូវគ្រប់គ្រាន់។

ដូចដែលបានដឹងមកហើយថា បន្ទាប់ពីរងការរាតត្បាតនៃជំងឺកូវីដ១៩មក ប្រទេសនានា រួមទាំងប្រទេសជិតខាងកម្ពុជា ដូចជាប្រទេសថៃ ជាដើម បានរឹតត្បិតការចេញចូល។ ប៉ុន្តែការសំណូមពររបស់លោក តូច ចាន់នី បែបនេះ ដោយសារកន្លងមក ក៏នៅតែមានប្រជាជនកម្ពុជា មួយចំនួនលួចលាក់ឆ្លងដែនចូលទៅប្រទេសថៃ ហើយជាលទ្ធផល គឺត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនត្រលប់មកវិញជាហូរហែ។ នេះមិនទាន់គិតដល់ការប្រឈមនានា ដូចជាការឆ្លងវីរុសកូវី១៩ និងការដែលត្រូវបានជួញដូរ កេងប្រវ័ញ្ច និងការប្រព្រឹត្តអំពើហិង្សាផ្សេងនៅឡើយផង។

លោក តូច ចាន់នី បានបន្ថែមថា រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលពេលនេះ មានប្រជាពលរដ្ឋជាង ៦១ ម៉ឺនគ្រួសារកំពុងទទួលផល ហើយថវិកាពីកម្មវិធីនោះ យ៉ាងហោចណាស់ ក៏អាចដោះស្រាយជីវភាពពួកគាត់បានមួយរយៈដែរ ពោលគឺពួកគាត់អាចមិនចាំបាច់ធ្វើចំណាកស្រុកទៅក្រៅប្រទេស បានមួយរយៈសិន ៕