ព័ត៌មានជាតិ

មនុស្សជាង២ពាន់នាក់ត្រូវបានចាប់ខ្លួននៅថ្ងៃទី២នៃការតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោតនៅបេឡារុស

image

បេឡារុស៖ មនុស្សជាង២ពាន់នាក់ត្រូវបានចាប់ខ្លួនក្នុងប្រទេសបេឡារុស នៅក្នុងថ្ងៃទី២នៃការតវ៉ាប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីថ្ងៃទី៩ ខែសីហា ដែលជ័យជម្នះភ្លូកទឹកភ្លូកដីបានធ្លាក់ទៅលេីប្រធានាធិបតីបច្ចុប្បន្ន លោក អាឡិចហ្សាន់ដា លូកាស្សេនកូ (Alexandr Lukashenko)។

ក្រសួងមហាផ្ទៃបេឡារុសបានប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍ថា មនុស្សជាង២ពាន់នាក់ត្រូវបានឃុំខ្លួននៅទូទាំងប្រទេសពីបទចូលរួមក្នុងការប្រមូលផ្តុំគ្នាដោយគ្មានការអនុញ្ញាត រួមនិងហេតុផលផ្សេងទៀត។

ក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួនទាំងនោះ ក៏មានអ្នកកាសែតមួយចំនួនផងដែរ ដែលមានទាំងអ្នកកាសែតរុស្ស៊ី និងបេឡារុស។

សេចក្ដីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃបេឡារុសបានបន្ថែមថា មន្ត្រីប៉ូលិសយ៉ាងហោចណាស់២១នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមបាតុករដោយក្នុងនោះ ៥នាក់បានចូលពេទ្យ។

ការបោះឆ្នោតដែលត្រូវបានក្រុមប្រឆាំងចោទថាមានការលួចបន្លំសន្លឹកឆ្នោតនោះ បានដុតបញ្ឆេះឱ្យមានរលកបាតុកម្មប្រឆាំងរដ្ឋាភិបាល និងបានឈានដល់មានការបាត់បង់ជីវិតអ្នកតវ៉ាម្នាក់កាលពីថ្ងៃច័ន្ទ។

បេក្ខជនបក្សប្រឆាំងដ៏ធំរបស់បេឡារុស លោកស្រី ស្វេតឡាណា ស៊ីកាណូសកាយ៉ា (Svetlana Tsikhanouskaya) ដែលបានចំទាស់នឹងលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃច័ន្ទនោះ បាននិរទេសខ្លួនទៅកាន់ប្រទេសលីទុយអានីដែលជាប្រទេសជិតខាងបេឡារុសកាលពីថ្ងៃអង្គារ៕


ព័ត៌មានទាក់ទង...