អាជ្ញាធរកោះកុង រៀបចំរួចរាល់ត្រៀមទទួលភ្ញៀវទៅកម្សាន្តក្នុងឱកាសថ្ងៃឈប់សម្រាកសប្តាហ៍ក្រោយនេះ
| ព័ត៌មានជាតិ
SHARE

អត្ថបទ៖ តាំង សុន្នី

កោះកុង៖ កោះកុង ជាខេត្តស្ថិតនៅភាគនិរតីនៃប្រទេស ដែលមានចម្ងាយឆ្ងាយជាងគេក្នុងចំណោមខេត្តជាប់តំបន់ឆ្នេរទាំង ៤របស់កម្ពុជា។ ទោះបីជាស្ថិតនៅឆ្ងាយជាងគេ និងផ្លូវធ្វើដំណើរត្រូវឡើងចុះភ្នំលំបាកបន្តិចក្តី ប៉ុន្តែខេត្តនេះនៅតែជាគោលដៅទាក់ទាញភ្ញៀវទេសចរទៅទស្សនាមិនចេះរីងស្ងួត។

យ៉ាងណាមិញ ក្នុងឱកាសថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិពីថ្ងៃទី ១៧ដល់ ២១ខែសីហានេះ ខេត្តនេះរំពឹងថា នឹងទទួលបានភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ អាជ្ញាធរខេត្ត និងមន្ត្រីទេសចរណ៍ខេត្តអះអាងថា ខ្លួនកំពុងត្រៀមស្វាគមន៍ភ្ញៀវទេសចរយ៉ាងកក់ក្តៅបំផុត។

លោក សុខ ចន្ទគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុងបានមានប្រសាសន៍ថា ខេត្តកោះកុងសព្វថ្ងៃមានផ្ទះសំណាក់ចំនួន ៩៦កន្លែង និងសណ្ឋាគារចំនួន ១១កន្លែង សរុបទាំងអស់ជិត ២០០០បន្ទប់ និងអាហារដ្ឋាន ភោជនីយដ្ឋានជិត ១០០ទីតាំង នៅក្នុងខេត្តជាប់តំបន់ឆ្នេរមួយនេះ។

លោកបញ្ជាក់ថា គិតត្រឹមពេលនេះ ភ្ញៀវបានកក់បន្ទប់សណ្ឋាគារ និងផ្ទះសំណាក់អស់ប្រហែល ៨០ភាគរយហើយ និងភ្ញៀវប្រហែល ២០ភាគរយទៀត និយមបោះតង់បែបលក្ខណៈគ្រួសារនៅតាមតំបន់ឆ្នេរ និងរមណីយដ្ឋានធម្មជាតិផ្សេងៗ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុងរូបនេះ បានជំរុញ និងលើកទឹកចិត្តដល់អាជីវករ ប្រតិបត្តិករបម្រើក្នុងវិស័យទេសចរណ៍ទាំងអស់ត្រូវចូលរួមឱ្យបានផុលផុសសម្អាតអនាម័យបរិស្ថាន ឱ្យបានមុនពេលវេលានេះឈានចូលមកដល់ ហើយកត្តាសំខាន់បំផុត ដែលគេគ្រប់គ្នាតែងតែព្រួយបារម្ភ និងភ័យខ្លាចនោះគឺ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពោលគឺត្រូវរួមគ្នាទប់ស្កាត់ដោយអនុវត្តតាមគោលការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់លាប់ជានិច្ច។

លោក សុខ ចន្ទគ្រឹស្នា បានអះអាងទៀតថា ដើម្បីចៀសវាងការដំឡើងថ្លៃម្ហូបអាហារថ្លៃហួសហេតុ ក្នុងថ្ងៃឈប់សម្រាកសប្តាហ៍ក្រោយនេះ មន្ទីរទេសចរណ៍ខេត្ត នឹងពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធ ផ្សព្វផ្សាយណែនាំដល់អាជីវករលក់ដូរ និងអ្នកប្រកបរបរក្នុងវិស័យទេសចរណ៍ លក់ក្នុងតម្លៃសមរម្យដែលភ្ញៀវអាចទទួលយកបានដោយមិនថ្នាំងថ្នាក់ចិត្ត និងចង់មកទស្សនាខេត្តកោះកុងបន្តបន្ទាប់ទៀត៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation