ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជា មានកម្រិតល្អប្រសើរ

image

អត្ថបទ ៖ សន ពិសិដ្ឋ

ភ្នំពេញ៖ លោក នេត្រ្ត ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១២ ខែសីហានេះ បានបញ្ជាក់ថា កម្រិតគុណភាពខ្យល់ នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ នៅពេលបច្ចុប្បន្ននេះ មានកម្រិតល្អប្រសើរនៅឡើយនោះទេ បើទោះបីជាបច្ចុប្បន្ន មានកំណើនយានយន្តច្រើនយ៉ាងណាក្តី។

ការលើកឡើងដូចនេះ ធ្វើឡើងឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ការប្រែប្រួលអាកាសធាតុ នឹងផលប៉ះពាល់ មកលើប្រទេសកម្ពុជា» ដែលរៀបចំដោយអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ជាវិធានការវិញ, រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការគ្រប់គ្រងគុណភាពខ្យល់ កាលពីដើមឆ្នាំ២០២០នេះ នៅក្នុងនោះរាប់បញ្ចូលទាំងកម្រិតស្ពាន់ធ័រ នៅក្នុងប្រេងឥន្ធនៈថែមទៀត ព្រោះថាកម្រិតស្ពាន់ធ័រនោះខ្ពស់ វានឹងមានផលប៉ះពាល់ដល់គុណភាពខ្យល់។

ចំពោះវិស័យសំណង់វិញ, តម្រូវឲ្យមានការហ៊ុព័ទ្ធនូវសំណាញ់ល្អិត ដើម្បីទប់កុំឲ្យមានធូលីចេញ ព្រោះនេះក៏ជាផ្នែកមួយ ដែលនាំអោយបំពុលខ្យល់ផងដែរ។ ដោយឡែក ការសាងសង់ផ្លូវ ស្ពាន ក៏តម្រូវឲ្យមានការស្រោចទឹកជាប្រចាំ ដើម្បីកាត់បន្ថយការហុយ ព្រោះការហុយនោះ ធូលីបានចូលទៅក្នុងបរិយាកាស បង្កើតទៅជាភាគល្អិតខ្ពស់ ធ្វើឲ្យប៉ះពាល់ដល់គុណភាពខ្យល់។

ក្នុងន័យនេះ លោក នេត្រ ភក្ត្រា បានអំពាវនាវ ឲ្យមានការចូលរួមរបស់បងប្អូនប្រជាពរដ្ឋ តាមរយៈការកាត់បន្ថយការដុតសំរាម ព្រោះវាជាផ្នែកមួយ នៃការបំពុលខ្យល់ ការដុតជញ្ជ្រាំងស្រូវ ការដុតកំទេចកំទីឈើជាដើម ដើម្បីរក្សាគុណភាពខ្យល់ នៅក្នុងប្រទេសកម្ពុជា នៅមានគុណភាពល្អនោះ៕