ប្រជាជនឃុំព្រែកខ្សាច់សាទរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន
| ព័ត៌មានជាតិ
SHARE

​ការអភិវឌ្ឍតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ កំពុងធ្វើឲ្យប្រជាពលនៃឃុំព្រែកខ្សាច់ប្រមាណ២.០០០គ្រួសាររីករាយ។ ភាពរីករាយកើតឡើងដោយសារគាត់លែងពឹងអាស្រ័យលើការធ្វើដំណើរតាមផ្លូវទឹកដែលមានចម្ងាយឆ្ងាយ ផ្សងនឹងគ្រោះថ្នាក់ច្រើន។ ​

ឃុំព្រែកខ្សាច់ ជាតំបន់រដ្ឋបាលមូលដ្ឋានមួយ នៅដាច់ស្រយាលពីក្រុងខេមរភូមិន្ទ។ ឃុំនេះមានភូមិចំនួន៣ជាចំណុះ គឺភូមិព្រែកខ្សាច់ ភូមិយាយសែន សរកេត និងភូមិ សំរ៉ុងកែវ ដែលមានប្រជាពលរដ្ឋរស់បែបប្រមូលផ្តុំ តាមមាត់សមុទ្រ។

ជីវភាពរបស់ប្រជាពលរដ្ឋនៅទីនោះ ពឹងផ្អែកខ្លាំងលើការប្រកបរបរនេសាទស្ទើរតែទាំងស្រុង ហើយ ក្រៅពីរបរមួយនេះ អ្នកដែនកោះនៃឃុំព្រែកខ្សាច់ បានដាំដុះដំណាំផ្សេងៗ រួមផ្សំសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

ការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៅតំបន់នេះ ទៅនឹងប្រជាជននៅក្នុងក្រុងខេមរភូមិន្ទ គឺត្រូវប្រើមធ្យោបាយតាទូកកាណូតតូច ដែលគេត្រូវប្រើពេលយ៉ាងហោចណាស់ ៤ទៅ៥ម៉ោងទើបទៅដល់គោលដៅ។

ក្នុងពេលធ្វើដំណើរតាមផ្លូវទឹក ប្រជាជននៅតំបន់នោះតែងប្រឈមហានិភ័យខ្ពស់ ដោយសារស្ថានភាពនៅសមុទ្រគេមិនអាចដឹងបាន ជូនកាលក៏មានព្យុះ ឬរលកសមុទ្រ ដែលធ្វើឲ្យប្រជាពលរដ្ឋមានក្តីបារម្ភជាខ្លាំង។

ប្រឈមស្ថានភាពលំបាកនិងប្រឈមគ្រោះថ្នាក់បែបនេះ ការទទួលបាននូវការតភ្ជាប់ផ្លូវគោក ពីតំបន់នោះទៅកាន់ផ្លូវលេខ៤៨ ដែលមានប្រវែងជិត៥០គីឡូម៉ែត្រ ប្រជាពលរដ្ឋក្នុងឃុំព្រែកខ្សាច់នោះ ហាក់មានសេចក្តីសប្បាយរីករាយ ក្រោយមានការអភិវឌ្ឍផ្លូវគមនាគមន៍។ ថ្វីត្បិតផ្លូវមិនទាន់ល្អស្អាត ប៉ុន្តែវាបានជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋរាប់មិនអស់។

តាមការលើកឡើងរបស់ប្រជាពលរដ្ឋ ក្នុងរយៈពេល៥ ឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋក្នុងឃុំព្រែកខ្សាច់ទទួលបានការអភិវឌ្ឍថ្មីៗមួយចំនួន ប៉ុន្តែពួកគាត់នៅប្រឈមការខ្វះខាតលើសេវាសង្គម ដូចជា មណ្ឌលសុខភាព និង ទឹកស្អាត ជាដើម។

​ដើម្បីបង្កើតឱកាសថ្មីៗដល់ប្រជាពលរដ្ឋនៅមូលនោះ អាជ្ញាធរមូលដ្ឋាននៃឃុំព្រែកខ្សាច់ សហការជាមួយក្រុមហ៊ុនវិនិយោគឯកជន ដើម្បីផ្តល់អតិភាពលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការរស់នៅដល់ប្រជាពលរដ្ឋ ជាពិសេសការធ្វើដំណើរស្វែងរកការងារធ្វើ។

លោក ស៊ិន សត្ថា តំណាងក្រុមហ៊ុនរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ដែលទទួលបានសិទ្ធិអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស នៅក្នុងខេត្តកោះកុង បានឲ្យដឹងថា ក្រុមហ៊ុនបានសហការជាមួយអាជ្ញាធរ ដើម្បីស្ថាបនាផ្លូវតភ្ជាប់ពីផ្លូវជាតិទៅតំបន់ដែលប្រជាពលរដ្ឋរស់នៅ បើទោះបីមានឧបសគ្គច្រើន និង ត្រូវចំណាយច្រើនយ៉ាងណាក៏ដោយ។

តាមរយៈការអភិវឌ្ឍនេះ បច្ចុប្បន្ននេះឃុំព្រែកខ្សាច់ កំពុងបង្ហាញមុខមាត់ថ្មី ដែលប្រជាពលរដ្ឋហាក់ត្រេកអរ ហើយ រំពឹងទៅលើការអភិវឌ្ឍផ្នែកសេវាសង្គមផ្សេងៗទៀត។

លោក ស៊ិន សត្ថា បានចាត់ទុកថា ការផ្តល់នូវប្រព័ន្ធផ្លូវគមនាគមន៍ គឺជាការឆ្លើយតបមួយយ៉ាងសំខាន់តាមសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ សិស្សានុសិស្ស ដោយសារតែសិស្សានុសិស្សមានកំណើនកើនឡើងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។

លោក រាម រ៉ុម មេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ បានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងកាកររកទីតាំងណាមួយអំណោយផលដើម្បីបង្កើតមណ្ឌលសុខភាព សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ នៅពេលមានបញ្ហាឈឺស្កាត់ផ្សេងៗ ខណៈបច្ចុប្បន្ននៅមិនទាន់មានគ្រប់លក្ខណៈនៅឡើយ។


ជាមួយការអភិវឌ្ឍនេះថ្មីៗ ច្បាស់ណាស់ ប្រជាពលរដ្ឋពិតជាមានសេចក្តីសប្បាយរីករាយ ហើយ អាចកាត់បន្ថយការលំបាកជាច្រើនដែលខ្លួនធ្លាប់ទទួលរងក្នុងពេលកន្លងមក។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាផ្នែកមួយដ៏សំខាន់ ក្នុងការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម ដែលកំពុងទទួលបានការយកចិត្តទុក ដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឲ្យយុវជនកម្ពុជាសម័យបច្ចុប្បន្នមានចំណេះដឹង និង ជំនាញពិតប្រាកដ ដើម្បីឈានឆ្ពោះទៅរកទីផ្សារការងារល្អៗ មានស្តង់ដារជាក់លាក់ ព្រមទាំងប្រាក់កម្រៃខ្ពស់។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ៕

អត្ថបទ៖ ​តាំង សុន្នី







Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation