កូនត្រីពូជជាង ៥ម៉ឺនក្បាល និងត្រីស្រែចម្រុះ ១០០គីឡូត្រូវបានលែងក្នុងអាងទឹកតំាងក្រសំាង​ ស្រុកសន្ទុក
| ព័ត៌មានជាតិ
SHARE

(កំពង់ធំ)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងខណ្ឌរដ្ឋបាលជលផលខេត្ត នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ បានរៀបចំពិធីទិវាមច្ចជាតិ លើកទី១៦ ស្ថិតនៅភូមិក្បាលបី ឃុំទីពោធិ៍ ស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងមានការចូលរួមពី ប្រធាន អនុប្រធាន មន្ទីរ អង្គភាព មន្រ្តីរាជការជុំវិញខេត្ត ប្រជាពលរដ្ឋ និង សិស្សានុសិស្សជាង ២០០០នាក់ ។

លោក ធីវ វណ្ណធីរ ប្រធាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអានរបាយការណ៍ស្វាគមន៍គណអធិបតី និងមានប្រសាសន៍លើកឡើងថា ការរៀបចំពិធីទិវាមច្ចជាតិនេះ ជាលើកទី១៦ហើយ នៅពេលនេះយើងនឹងធ្វើការលែងកូនត្រីពូជចំនួនជាង ៥ម៉ឺនក្បាល និងត្រីស្រែចម្រុះ ចំនួន ១០០គីឡូក្រាម ត្រូវបានលែងឲ្យលូតលាស់ធំធាត់ និងបន្តពូជនៅអាងទឹកតំាងក្រសំាង (អាងទឹក ៦មករា) ស្ថិតនៅភូមិក្បាលបី ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីធ្វើឲ្យបឹងនេះកាន់តែសម្បូរត្រី ដែលជាប្រយោជន៍បម្រើសេចក្តីត្រូវការហូបចុកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះផងដែរ។

លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាលជលផល ខេត្តកំពង់ធំ បានមានប្រសាសន៍ថា នេះគឺជាការព្រលែងកូនត្រីពូជនេះ គឺដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់ជួយគ្នាថែរក្សាមឆ្ឆាជាតិ និងដើម្បីជីវភាពគ្រួសារប្រចាំថ្ងៃរបស់គាត់ និងសូមអំពាវនាវឲ្យ មានការចូលរួមទាំងអស់គ្នា ការពារនិងទប់ស្កាត់ការប្រើប្រាស់ឧបករណ៍ នេសាទត្រីដោយខុសច្បាប់ ដែលត្រូវបានហាមឃាត់ ក្នុងនោះខណ្ទរដ្ឋបាលជលផលបានធ្វើការផ្សព្វផ្សាយដល់សហគមន៍ ពីទោសនៃការប្រើប្រាស់ឧបករណ៍ខុសច្បាប់ បើជនណាប្រើប្រាស់គឺត្រូវធ្វើកិច្ចសន្យា ចំពោះមិនមានការាងចាល និងចាត់វិធានការតាមច្បាប់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋយល់ដឹងពីសារៈសំខាន់នៃធនធានជលផល ចូលរួមថែរក្សា អភិរក្សពូជត្រីសំខាន់ៗដែលជិតផុតពូជ និងជីវៈចម្រុះគ្រប់ប្រភេទឲ្យបានគង់វង្ស នៅតាមបឹង ស្ទឹង ទន្លេ ព្រែក ស្រះ សហគមន៍ ត្រពាំង ដើម្បីធានានិរន្តរភាពនៃការនេសាទបែបធម្មជាតិ ការនេសាទជាលក្ខណៈគ្រួសារសម្រាប់ផ្គត់ផ្គង់ជីវភាព ធានាសន្តិសុខស្បៀង និងបង្កើនកម្រិតជីវភាពប្រជា នេសាទឲ្យកាន់តែប្រសើរឡើង និងអំពាវនាវដល់ប្រជាពលរដ្ឋ ជួយការពារតំបន់អភិរក្សដែលមានត្រី និងរាយការណ៍អំពីជនខិលខូចដែលមកបំផ្លាញត្រី កុំនេសាទត្រីដោយប្រើប្រាស់ឧបករណ៍ដោយខុសច្បាប់ កុំកាប់បំផ្លាញ់ព្រៃលិចទឹកដែលជាជម្រកត្រីពងកូន ក្នុងគោលបំណងចូលរួមការពារធនធានធម្មជាតិ ដើម្បីទទួលផលពីមច្ចជាតិទាំងអស់គ្នា។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានសុំអភ័យទោសចំពោះការខុសឆ្គង របស់មន្រ្តីមួយចំនួនតូច ដែលកន្លងមកបានធ្វើឲ្យមានការថ្នាំងថ្នាក់ ដោយមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល បានខិតខំ ថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ បានយូរអង្វែង និងបានជម្រាបជូនអំពីស្ថានភាពនយោបាយថ្មីនាពេលបច្ចុប្បន្ន ព្រមទាំងសំណូមពរដល់បងប្អូនទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation