ព័ត៌មានជាតិ

អភិបាលរាជធានីណែនាំដល់មន្ទីរជំនាញលុបបំបាត់កន្លែងលក់ហ្គាសអនាធិបតេយ្យ

image

អត្ថបទ៖ ម៉ៅ នរិទ្ធីយ៉ា

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញណែនាំដល់មន្ទីរជំនាញត្រូវលុបបំបាត់កន្លែងលក់ហ្គាសអនាធិបតេយ្យ ឱ្យអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់របស់ប្រជាពលរដ្ឋ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ណែនាំបែបនេះក្នុង កិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៦ ខែសីហានេះ។

លោកបានជំរុញឱ្យមន្ទីរជំនាញពាក់ព័ន្ធត្រូវសហការគ្នាជាមួយអាជ្ញាធរខណ្ឌទំាង ១៤ ដើម្បីចុះត្រួតពិនិត្យកន្លែងលក់ហ្គាសនានា ដើម្បីស្វែងយល់ពីទិដ្ឋភាពច្បាប់ សម្ភារបច្ចេកទេសស្តង់ដារ និងឧបករណ៍ការពារ ដើម្បីធានាថា អាជីវកម្មនេះគ្មានផលរំខាន ឬបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងបរិស្ថាន។

លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញមានកន្លែងលក់ហ្គាស និងបញ្ចូលហ្គាស ជាច្រើន ហើយកន្លែងខ្លះគ្មានស្តង់ដារបច្ចេកទេស បើប្រាស់ធុងហ្គាសចាស់ៗគ្មានគុណភាព ឬធុងស្តើង ដែលងាយបង្កហានិភ័យគ្រោះថ្នាក់ទំាងអ្នកបញ្ចូល និងអ្នកប្រើប្រាស់។

ជាមួយគ្នានេះអភិបាលរាជធានីភ្នំពេញក៏បានអំពាវនាវដល់ក្រុមអាជីវករលក់ហ្គាសទំាងអស់ត្រូវបញ្ឈប់ការទិញធុងហ្គាសចាស់ៗពីប្រទេសដ៏ទៃ ហើយយកមកបាញ់ថ្នំាដើម្បីប្រើប្រាស់បន្ត ដែលនេះគឺជាហានិភ័យគ្រោះថ្នាក់ខ្ពស់អាចបង្កឱ្យផ្ទុះធុងហ្គាស និងអគ្គិសភ័យឆាបឆេះផ្ទះសម្បែងជាដើម។

លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានមានប្រសាសន៍ថា បញ្ហាហ្គាស ឬការលក់សំាងដបនៅតាមចិញ្ចើមផ្លូវ ឬផ្ទះលក់ដូរគ្រឿងទេសជាបញ្ហាប្រឈមផ្នែកសុវត្ថិភាព ដោយត្រូវបង្កើនការយកចិត្តទុកដាក់ លុបបំបាត់ឱ្យបានទាំងស្រុង ខណៈដែលអគ្គិសភ័យនានាដែលកើតឡើងនៅរាជធានីភ្នំពេញកន្លងមកនេះភាគច្រើនបណ្តាលមកពីការផ្ទុះធុងហ្គាសដែលគ្មានបច្ចេកទេស៕