រយះពេល៦ខែ ឆ្នាំ២០១៨នេះ ភ្ញៀវទេសចរណ៍ធ្វើដំណើរតាមផ្លូវអាកាសមកកម្ពុជាមានជាង ៥ លាននាក់
| ព័ត៌មានជាតិ
SHARE

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ នៅក្នុងរយះពេល៦ខែ ឆ្នាំ២០១៨នេះ បានទទួលអ្នកដំណើរប្រមាណជាង ៥,២ លាននាក់ កើនឡើងជិត ២៤ ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧។

ទិន្នន័យ ពីអាកាសយានដ្ឋានកម្ពុជា បានឲ្យដឹងថា គិតចាប់ពីខែ មករា ដល់ខែមិថុនា ឆ្នាំ២០១៨នេះ អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា ទទួលបានភ្ញៀវធ្វើដំណើរប្រមាណ ៥,២ លាននាក់ ក្នុងជើងហោះហើរ ពី៧០ ទៅ៩០ ជើងក្នុងមួយថ្ងៃ ក្នុងចំណោមជើងហោះហើរសរុប ជាង ១០០ជើង។ ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ ដែលកំពុងប្រតិបត្តិការផ្ដល់សេវាហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិទាំងបី មានជាង ៤០ក្រុមហ៊ុន។

ដោយឡែកចំនួនអ្នកធ្វើដំណើរក្នុងស្រុក តាមអាកាសយានដ្ឋានទាំងបី នៅក្នុងរយៈពេល ៦ខែដូចគ្នានេះដែរ គឺ មានប្រមាណ ៥២ម៉ឺននាក់ កើនឡើង ២៣ ភាគរយ បើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំ ២០១៧។ នាពេលបច្ចុប្បន្ន នេះ ក្រុមហ៊ុនអាកាសចរណ៍ហោះហើរក្នុងស្រុក មានចំនួន ៦ និងមានជើងហោះហើរចន្លោះពី ៧ ទៅ១០ ជើង ក្នុងមួយថ្ងៃ។

បើតាមអ្នកជំនាញក្នុងវិស័យទេសចរណ៍ កម្ពុជានៅមិនទាន់បញ្ចប់សក្ដានុពលផ្នែកទេសចរណ៍របស់ខ្លួននៅឡើយទេ ដែលបច្ចុប្បន្ននេះ មានគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន បាននិងកំពុងបន្តនៅកម្ពុជា នឹងបានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍កម្ពុជា ដើម្បីគាំទ្រ និងអភិវឌ្ឍន៍ សក្ដានុពលទេសចរណ៍នេះ។

សូមរំលឹកថា ឆ្នាំ២០១៧ កន្លងទៅ កំណើនភ្ញៀវ ដែលធ្វើដំណើរឆ្លងកាត់តាមអាកាសយានដ្ឋានទាំងបីរបស់កម្ពុជា មានរហូតដល់ជាង ៨លាននាក់ កើនឡើង២៥% បើធៀបនឹងមួយឆ្នាំពេញដូចគ្នាកាលពីឆ្នាំ២០១៦៕

អត្ថបទ ៖ អៀវ ឈៀងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation