រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃបណ្តាប្រទេសអាស៊ាន និងជប៉ុន បើកកិច្ចពិភាក្សាគ្នា ពីការស្តារសេដ្ឋកិច្ចឡើងវិញ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកម្ពុជា លោក ប៉ាន សូរស័ក្តិ នៅថ្ងៃទី២៩ ខែកក្កដា បានចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ជប៉ុន ឆ្លើយតបទៅនឹងកូវីដ-១៩ ដែលរៀបចំឡើងតាមរយៈប្រព័ន្ធ Video Conference។ កិច្ចប្រជុំនេះដឹកនាំដោយលោក ត្រាន់ ទ័នអាន់ រដ្ឋមន្រ្តីឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដែលជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់អគ្គលេខាធិការអាស៊ានផងដែរ។

យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនោះ បានផ្លាស់ប្តូរយោបល់ពីស្ថានភាពនៃកូវីដ១៩ នៅក្នុងតំបន់ ចែករំលែកពីវិធានការនានាក្នុងការប្រយុទ្ធនឹងមេរោគកូវីដ-១៩ និងពិភាក្សាពីការស្តារសេដ្ឋកិច្ចឡើងវិញផងដែរ។

ជាលទ្ធផល កិច្ចប្រជុំបានអនុម័តលើ “ផែនការសកម្មភាពក្នុងការពង្រឹងសេដ្ឋកិច្ចអាស៊ាន-ជប៉ុន” ដែលផែនការនេះ ផ្តោតសំខាន់លើការថែរក្សាទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធរវាងអាស៊ាន និងជប៉ុន កាត់បន្ថយផលប៉ះពាល់មកលើសេដ្ឋកិច្ចបណ្តាលមកពីមេរោគកូវីដ-១៩ និងពង្រឹងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ។

ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ កិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវលើថ្នាំពេទ្យ និងវ៉ាក់សាំង ការរក្សាការបើកចំហទីផ្សារ ក៏ដូចជាការធានានូវលំហូរស្បៀង និងទំនិញក្នុងតំបន់។

លោករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យមានការសហការគ្នាឱ្យកាន់តែជិតស្និទ្ធលើកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ លុបបំបាត់របាំងពាណិជ្ជកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីស្តារឡើងវិញនូវទំនុកចិត្តរបស់វិស័យធុរកិច្ច និងអតិថិជន។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោករដ្ឋមន្រ្តី ក៏បានជម្រាបអង្គប្រជុំពីវិធានការដ៏មានប្រសិទ្ធភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ និងបានថ្លែងអំណរគុណដល់ជប៉ុន ដែលបានជួយដល់កម្ពុជាក្នុងការទប់ទល់នឹងកូវីដ-១៩ តាមរយៈជំនួយបច្ចេកទេស និងបរិក្ខារពេទ្យជាដើម៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation