អភិបាលខេត្តប៉ៃលិន បញ្ជាឲ្យទប់ស្កាត់បញ្ហាគ្រឿងញៀននិងបញ្ជ្រាបអំពី​គ្រោះថ្នាក់នៃគ្រឿងញៀន
| ព័ត៌មានជាតិ
SHARE

(ប៉ៃលិន)៖ ក្នុងនាមរដ្ឋបាលខេត្តប៉ៃលិន ឯកឧត្តម ផាន់ ចាន់ធុល បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជួយចាត់វិធានការទប់ស្កាត់ និងរួមគ្នាបញ្ចៀសគ្រឿងញៀនឲ្យផុតពីសហគមន៍យើង ហើយវិធានការនោះគឺការផ្សព្វផ្សាយ និងលើកកម្ពស់ ការយល់ ដឹងជាសាធារណៈអំពីស្ថានភាពគ្រោះថ្នាក់នៃគ្រឿងញៀន។

ឯកឧត្តម អភិបាលខេត្តប៉ៃលិន លើកឡើងថា អ្វីដែលសំខាន់ជាងនេះទៅទៀត កាប្រើប្រាស់គ្រឿងញៀនបានបន្សល់ទុកនូវក្តីកង្វល់ ដល់សហគមន៍ គ្រួសារ អាណាព្យាបាល ដែលមានកូន ចៅរងគ្រោះដោយសារគ្រឿងញៀន ដែលទាមទារឲ្យមានចំណាត់ការហ្មត់ចត់ សមស្របនិងច្បាស់លាស់ របស់ស្ថាប័ននិងសមត្ថកិច្ច។

ឯកឧត្តម អភិបាលខេត្ដក៏បានបញ្ជាក់ថា អ្នកប្រព្រឹត្តនិងប្រើប្រាស់គ្រឿងញៀន គឺបានធ្វើឲ្យប៉ះពាល់ អន្តរាយដល់សុខភាព ខូចខាតទ្រព្យសម្បត្តិ ងាយឆ្លងមេរោគអេដស៍ និងកើតមានអំពើហិង្សាផ្សេងៗ នៅក្នុងសង្គមគ្រួសារ ជាពិសេសគ្រួសារអ្នកប្រើប្រាស់គ្រឿងញៀនផ្ទាល់តែម្តង ហើយសកម្មភាពចរាចរ ចែកចាយគ្រឿងញៀននៅខេត្តប៉ៃលិន នៅតែកើតមានក្នុងចំណោមប្រជាពលរដ្ឋ ជាពិសេសយុវវ័យ ដែលឈានទៅដល់ការបាត់បង់ធនធានមនុស្ស ប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច រាំងស្ទះដល់ដំណើរការអភិវឌ្ឍប្រទេសជាតិ។


ឯកឧត្តម ផាន់ ចាន់ធុល បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញចូលរួមប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ ដើម្បីរំឭកបំផុសឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាននានា ក្នុងការបង្ការ និងទប់ស្កាត់រាល់បញ្ហាដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ​នៅក្នុងបរិវេណវត្តរតនសោភ័ណ ហៅវត្តកោងកាង ខេត្តប៉ៃលិន ​ដើម្បីចូលរួមចំណែកការអនុវត្តនយោបាយភូមិឃុំមានសុវត្តិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕



អត្ថបទ៖ ឡាច សុគន្ធាវី ភ្នាក់ងារ CNC

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation