(ភ្នំពេញ)៖ ព្រះរាជឧបត្ថម្ភ ១លានដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផានេះ គឺជាការប្រោសព្រះរាជទាននូវព្រះរាជទ្រព្យ ៥០ម៉ឺនដុល្លារ ពីព្រះមហាក្សត្រ និង ៥០ម៉ឺនដុល្លារទៀតពីសម្តេចម៉ែ។
សូមជម្រាបថា កាលពីព្រឹកថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរនិង សុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជ ហឫទ័យព្រះបរមរាជានុញ្ញាតឲ្យ លោកវេជ្ជបណ្ឌិត ដេនិស ឡូរ៉ង់ (Denis Laurent) អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា ចូលក្រាបបង្គំគាល់និង ទទួលតង្វាយជាព្រះរាជទ្រព្យ។
នៅក្នុងឱកាសនោ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥០ម៉ឺនដុល្លារ អាមេរិក និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ៥០ម៉ឺនដុល្លារ ដែលសរុប ១.០០០.០០០ ដុល្លារអាមេរិក ជាព្រះរាជូបត្ថម្ភជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តកិច្ចការមនុស្សធម៌ជួយព្យាបាលកុមារកម្ពុជា។
នៅក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត ដេនិស ឡូរ៉ង់ ក៏បានទូលថ្វាយ ព្រះករុណាព្រះមហាក្សត្រនិងសម្តេចម៉ែ ថា ចាប់ពីខែមិថុនា មន្ទីរពេទ្យគន្ធបុប្ផាបានចាប់ផ្តើមសាងសង់បន្ថែមនូវអគារវះកាត់ថ្មីមួយក្នុងបរិវវេណមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលអគារវះកាត់ថ្មីនេះនឹងឆ្លើយតបទៅនឹងតម្រូវការនៃកំណើនជំងឺវះកាត់ទូទៅនិងផ្នែកវះកាត់ឯកទេស ដូចជាការវះកាត់បេះដូង និងការវះកាត់ប្រព័ន្ធប្រសាទជាដើម។
ជាមួយគ្នានេះ លោកអនុប្រធានមន្ទីរពេទ្យគន្ធបុប្ផាបានថ្លែងអំណរព្រះគុណចំពោះ ព្រះរាជឧបត្ថម្ភជូនដល់មន្ទីរពេទ្យគន្ធបុប្ផាពីសំណាក់ព្រះអង្គទាំងទ្វេ ដោយចាត់ទុកថា ថវិកាមួយលានដុល្លារនេះ នឹងចូលរួមចំណែក ដ៏សំខាន់ក្នុងការថែទាំព្យាបាលកុមារកម្ពុជា ដែលមានមកក្នុងមន្ទីរពេទ្យគន្ធបុប្ផារាប់ពាន់នាក់ជារៀងរាល់ថ្ងៃ និងធ្វើឲ្យមន្ទីរពេទ្យ មួយនេះក្លាយជាទីកន្លែងល្អប្រសើរដើម្បីព្យាបាលកុមារកម្ពុជាគ្រប់រូប៕
សូមជំរាបដែរថា ក្រៅពីមូលនិធិមន្ទីរពេទ្យគន្ធបុប្ផារបស់លោកវេជ្ជបណ្ឌិតបេអ៊ាតរិចណឺនោះ សម្តេចតេជោហ៊ុនសែន នាយករដ្ឋ មន្ត្រីកម្ពុជា បានបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមូលនិធិត្រូវបានដំណើរការជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ក្នុងគោល បំណងចូលរួមបំផុសចលនាគាំទ្រ និងធានាចិរភាពនៃកិច្ចដំណើរការរបស់មន្ទីពេទ្យគន្ធ បុប្ផាទាំង៥ ទីតាំងក្នុងប្រទេសកម្ពុជា។ គិតមកដល់ចុងខែមិថុនា ឆ្នាំ២០១៨ មូលនិធិគន្ធបុប្ផាកម្ពុជាមានសមាជិស្ថាបនិកចំនួន ១០៨ រូប និងសមាជិកកិត្តិយស រួមនឹង សប្បុរសជនរាប់ម៉ឺននាក់ ដោយក្នុងនោះ កាកបាទក្រហមកម្ពុជាបានផ្តល់ថវិកា ១ លាន ដុល្លារអាមេរិកដល់មូលនិធិនេះ ហើយមក ដល់ពេលនេះមូលនិធិមានថវិការសរុបជិត ៤លានដុល្លានិងលុយខ្មែរជិត ៣ពាន់លានរៀលហើយ៕
អត្ថបទ ៖ អោម ចែតច័ន្ទណារ៉ា