ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ផ្លូវជាតិលេខ៣ នឹងបញ្ចប់ការសាងសង់ទៅតាមគម្រោងផែនការដោយគ្មានការរំខានពីជំងឺកូវីដ-១៩

image

ភ្នំពេញ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់តាមរយៈបណ្តាញទំនាក់ទំនងសង្គមថា គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣ គិតរហូតមកដល់ពេលនេះ គឺសម្រេចបានប្រមាណជាង ៧០%ហើយ ដែលគ្រោងនឹងបញ្ចាប់នៅក្នុងឆ្នាំ២០២២។

លើទំព័រទំនាក់ទំនងផ្លូវការ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា “ទោះបីជាពេលនេះ បញ្ហាជំងឺកូវីដ-១៩ កំពុងរាតត្បាត ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិខ្លះក៏ដោយ ក៏សកម្មភាពសាងសង់កំណាត់ផ្លូវជាតិលេខ៣ នៅតែបន្តកសាងយ៉ាងសកម្មឱ្យបានចប់ទៅតាមគម្រោងផែនការ”។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ផ្លូវជាតិលេខ ៣ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ អ្នកទេសចរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុផងដែរ។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ៣ តភ្ជាប់ពីភ្នំពេញ ទៅខេត្តកំពត ប្រវែង១៣៤,៨២៦ គីឡូម៉ែត្រ កំពុងត្រូវបានធ្វើការពង្រីក និងលើកកម្រិតគុណភាព ដោយក្រាលបេតុងកៅស៊ូ (AC)៕