រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ គោលនយោបាយដំឡូងមី នឹងធ្វើឱ្យកម្ពុជា ជាទីតាំងឧស្សាហកម្មកែច្នៃនិងផ្គត់ផ្គង់ដំឡូងមី សម្រាប់ទីផ្សារពិភពលោក
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញជំនឿថា ឯកសារគោលនយោបាយដំឡូងមី នឹងប្រែក្លាយកម្ពុជា ឲ្យទៅជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី ដែលអាចជឿទុកចិត្តបាន សម្រាប់ទីផ្សារពិភពលោក ដោយសារឯកសារនេះ ផ្តល់នូវចក្ខុវិស័យច្បាស់លាស់ និងវិធីសាស្ត្ររៀបចំខ្សែសង្វាក់តម្លៃសំខាន់ៗ ដើម្បីធ្វើឲ្យដំណាំដំឡូងមី ទទួលបានទិន្នផលច្រើន និងមានតម្លៃខ្ពស់ អាចឆ្លើយតបតម្រូវការនៃទីផ្សារទាំងក្នុង និងក្រៅប្រទេស។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿចិត្តដូចនេះ នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ និងទទួលឯកសារគោល នយោបាយ ដំឡូងមី ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ។
នៅក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អះអាងថា ការចងក្រងឯកសារគោលនយោបាយ ដំឡូងមី នេះពិតជាមាន សារៈសំខាន់ណាស់ ដើម្បីបម្រើការអភិវឌ្ឍវិស័យដំឡូងមីកម្ពុជា ដែលជាដំណាំសក្តានុពលទី២ បន្ទាប់ពីដំណាំស្រូវ និងជាផលិតផលអាហារ ប្រចាំសតវត្សរ៍ទី២១។

លោកបណ្ឌិត រីឆាត ម៉ាស្ហល សេដ្ឋវិទូនៃអង្គការ UNDP ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ថា គោលនយោបាយដំឡូងមី នឹងប្រែក្លាយដំឡូងមី ទៅជាដំណាំដែលផ្តល់ទិន្នផល និងប្រាក់ចំណូលខ្ពស់ សម្រាប់ប្រជាកសិករក្រីក្រ និងជាផលិតផលដែល បម្រើការអភិវឌ្ឍឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា។ លោកបណ្ឌិត បានបន្តទៀតថា ដើម្បីបង្កើនប្រសិទ្ធភាពការអនុវត្តគោល នយោបាយ រចនាសម្ព័ន្ធអភិបាលកិច្ច ត្រូវបានបង្កើតឡើង ហើយខ្សែសង្វាក់តម្លៃដំឡូងមី ត្រូវបានបែងចែកជាផ្នែកៗ ដើម្បីតភ្ជាប់ជាមួយវិស័យអទិភាពផ្សេងទៀត។

សូមជម្រាបថា កាលពីឆ្នាំ២០១៧ កម្ពុជាបានក្លាយជាប្រទេសដែលឈរនៅលំដាប់លេខរៀងទី៨ ក្នុងចំណោមប្រទេសផលិត ដំឡូងមីធំៗទាំង១០ នៅលើពិភពលោក។ ចាប់តាំងពីឆ្នាំ២០១១ ផ្ទៃដីដាំដុះដំឡូងមី ត្រូវបានពង្រីកពី ៤០០ពាន់ហិកតា ដល់ ៥៧៤ពាន់ហិកតា នៅក្នុងឆ្នាំ២០១៥ ហើយបានផ្តល់ទិន្នផលសរុបជាង ១៣លានតោន។

កន្លងមក យុទ្ធសាស្ត្រ សមាហរណកម្ម ពាណិជ្ជកម្ម (CTIS) បានដាក់បញ្ចូលដំណាំដំឡូងមី ទៅជាផលិតផលអទិភាពមួយ ដើម្បីអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃ និងធ្វើពិពិធកម្មការនាំចេញ។បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានកំពុងប្រឹងប្រែងជំរុញការនាំចេញ ផលិតផលដំឡូងមី ទៅកាន់ប្រទេសចិន ដោយសារតែប្រទេសទាំងពីរបានចុះហត្ថលេខា លើពិធីសារស្តីពីប្រព័ន្ធអនុគ្រោះពន្ធ និងលក្ខខណ្ឌ តម្រូវផ្នែកភូតគាមអនាម័យ និងអនាម័យ ហើយបានកំពុងសិក្សាពីលទ្ធភាពកែច្នៃពីដំឡូងមី និងធ្វើពិពិធកម្មទីផ្សារនាំចេញ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation