ធ្វើដំណើរដោយឥតគិតថ្លៃជាមួយកាតរថយន្តក្រុងសាធារណៈ និងកាតវីង
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ អាចធ្វើដំណើរដោយឥតគិតថ្លៃនៅលើរថយន្តក្រុង សាធារណៈក្នុង រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ០៩ រហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៨។ កម្មវិធីផ្តល់ជូននេះ សម្រាប់តែអតិថិជនដែល ទូទាត់ថ្លៃធ្វើដំណើរដោយប្រើប្រាស់កាតរថយន្តក្រុងសាធារណៈ និងកាតវីងតែប៉ុណ្ណោះ។

សូមជំរាបថា នេះគឺជាកិច្ច ខិតខំប្រឹងប្រែងមួយទៀតរបស់វីង ក្នុងការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនសាធារណៈ នៅក្នុងទីក្រុង បន្ទាប់ពីដាក់ឲ្យដំណើរការជាផ្លូវការ នូវកាតរថយន្តក្រុងសាធារណៈជាលើកដំបូង កាលពីបីសប្តាហ៍មុន។ កាតរថយន្តក្រុងសាធារណៈ អាចឱ្យអ្នកដំណើរទូទាត់ថ្លៃធ្វើដំណើរ ដោយគ្រាន់តែថេបកាត នៅលើម៉ាស៊ីនអេឡិចត្រូនិក ដែលបំពាក់នៅឡានក្រុងទាំង ១៥៥។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍ថា ការផ្តល់ជូននេះនឹងជួយឱ្យប្រជាពលរដ្ឋ អាចធ្វើដំណើរបានកាន់តែច្រើន និងចំនាយថវិកាតិច ជំរុញស្មារតីនៃការធ្វើដំណើរតាមសេវាដឹកជញ្ជូនសាធារណៈ និងផ្តល់នូវបទពិសោធន៍នៃការធ្វើដំណើរបែបថ្មី ដែលប្រកបដោយភាពងាយស្រួល។ លោក បន្តថា កម្មវិធីជិះឡាន ក្រុងដោយឥតគិតថ្លៃនេះ គឺគ្រាន់តែជាការផ្តល់ជូនមួយក្នុងចំណោមការផ្តល់ជូនជាច្រើន សម្រាប់អតិថិជនដែលប្រើប្រាស់ កាតរថយន្តក្រុងសាធារណៈ និងកាតវីង។

កាតរថយន្តក្រុងសាធារណៈ ដែលផ្តល់ជូនដោយវីង មានពីរជម្រើសសម្រាប់អតិថិជន។ កាតពណ៌ ខៀវ គឺសម្រាប់សិស្ស មនុស្សចាស់ ព្រះសង្ឃ បុគ្គលិករោងចក្រ ជនពិការ និងកុមារកម្ពស់ក្រោម ១ម៉ែត្រ ដែលអតិថិជនអាចជិះបាន១៨០ដង ដោយឥតគិតថ្លៃ។ កាតពណ៌ខៀវមានតម្លៃ៤ពាន់រៀល ដែលអតិថិជនអាចបញ្ចូលចំនួនជិះដោយឥតគិតថ្លៃ នៅគ្រប់ស្ថានីយ៍ឡានក្រុង។ កាតពណ៌បៃតងគឺ សម្រាប់អតិថិជនទូទៅ។ កាតនេះមានតម្លៃ១ម៉ឺនរៀល និងមានទឹកប្រាក់ក្នុងកាតចំនួន៦ពាន់រៀល សម្រាប់ធ្វើដំណើរ ដែលអតិថិជនអាចបញ្ចូលទឹកប្រាក់ក្នុងកាត នៅគ្រប់ភ្នាក់ងារវីងគ្រប់ទីកន្លែង។

លើសពីនេះទៅទៀត អតិថិជនដែលមានកាតវីងទាំងអស់ ក៏អាចយកកាតវីងរបស់ខ្លួន ឱ្យដំណើរការ ប្រព័ន្ធគិត លុយលើរថយន្តក្រុង នៅតាមបញ្ជរស្តង់ស្ថិតក្នុងស្ថាយនីយ៍រថយន្តក្រុង ឬការិយាល័យកណ្តាលធនាគារឯកទេសវីង។ សម្រាប់អតិថិជនវីង ដែលប្រើប្រាស់គណនីគ្មានកាត ពួកគាត់ត្រូវតម្រូវឲ្យបង្កើតកាតវីង ឬជាវកាតពណ៌បៃតង ដើម្បីទូទាត់តាមអេឡិចត្រនិកពេលឡើងជិះរថយន្តក្រុងសាធារណៈ៕



អត្ថបទ ៖ អៀវ ឈៀងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation