ឆមាសទី១ឆ្នាំនេះ ភ្ញៀវទេសចរ ទៅទស្សនាខេត្តរតនគិរី ធ្លាក់ចុះ ២៧ភាគរយ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១៣ ខែកក្កដានេះ បានឱ្យដឹងថា ឆមាសទី១ ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួនជាង ៨ម៉ឺន ៥ពាន់នាក់ បាន ទៅទស្សនាកម្សាន្តនៅខេត្តរតនគិរី ដែលចំនួននេះ មានការធ្លាក់ចុះយ៉ាងខ្លាំង រហូតដល់ ២៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តរតនគិរី ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាទីស្តីការគណៈរដ្ឋមន្ត្រី លោកអភិបាលខេត្តរតនគិរី បានបញ្ជាក់ថា ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរនេះ គឺដោយសារតែការីករាលដាលនៃវីរុសឆ្លងកូវីដ១៩ ដោយបានជះឥទ្ធិពលដល់អាជីវកម្មសេវាកម្មខារ៉ាអូខេ ម៉ាស្សាចំនួន១៩កន្លែង ដែលត្រូវបានផ្អាកដំណើរការ និងប៉ះពាល់លើការងារបុគ្គលិក កម្មករ ដែលបម្រើការងារលើសេវាកម្មនេះ និងផ្នែកសេវាកម្មផ្សេងៗទៀត ប្រមាណ ២០%។

លោក ថង សាវុន បានឱ្យដឹងដែរថា កាលពីឆ្នាំ២០១៩ កន្លងទៅ ខេត្តទទួលបានភ្ញៀវទេសចរជាង ២៣ម៉ឺននាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ គឺមានការកើនឡើងចំនួន ៤,៣៤% ។
ចំពោះរមណីយដ្ឋានទេសចរណ៍វិញ ខេត្តរតនគិរី មានរមណីយដ្ឋាន ១៤កន្លែង ក្នុងនោះរមណីយដ្ឋានធម្មជាតិ ១២កន្លែង និងរមណីយដ្ឋានវប្បធម៌ធម្មជាតិ ០២កន្លែង រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ០៨កន្លែង គ្រប់គ្រងដោយសហគមន៍ជនជាតិដើមភាគតិច។

លោកអភិបាលខេត្ត បានបង្ហាញចក្ខុវិស័យថា សម្រាប់ការអភិវឌ្ឍទេសចរណ៍ខេត្តរតនគិរី ត្រូវបានកំណត់ រយៈពេល៥ឆ្នាំ ខាងមុខ (២០១៩-២០២៣) ខេត្តរតនគិរី នឹងក្លាយជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិ ជាគំរូប៉ូលសេដ្ឋកិច្ចទី៤ (ភាគឥសាន្ត) មានទេសចរណ៍មកទស្សនា កើនឡើងដល់ ៣០ម៉ឺននាក់ លើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាព របស់ប្រជាពលរដ្ឋក្នុងខេត្ត៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation