ស្នងការនគរបាលភ្នំពេញ បញ្ជាឱ្យនគរបាលចរាចរណ៍ ស្ទូចរថយន្តណាដែលចតល្មើសច្បាប់ ដោយគ្មានការលើកលែង
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យយសមត្ថកិច្ច ស្ទូចរថយន្តទាំងឡាយណាដែលចតល្មើសស្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ យកមកធ្វើការពិន័យ ដោយគ្មានការលើកលែងឡើយ។
ការដាក់ចេញបទបញ្ជានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំដកពិសោធន៍ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។
ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាដល់ការរិយាល័យចរាចរណ៍ផ្លូវគោក ការិយាល័យសណ្តាប់ធ្នាប់ និងអធិការនគរបាលខណ្ឌទាំង១៤ ត្រូវតែចេញកម្លាំង និងរថយន្តស្ទូច ជាប្រចាំ ដើម្បីចុះរៀបចំសណ្តាប់ធ្នាប់តាមគ្រប់គោលដៅទាំងអស់ ដើម្បីកាត់បន្ថយការកកស្ទះ និងរៀបចំទីក្រុងឱ្យមានសោភ័ណភាពល្អ ៕