ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជំរុញឱ្យមានការកែសម្រួលសមាសភាពខ្លះនៅក្នុងសហព័ន្ធកីឡាបាល់ទះកម្ពុជា ដើម្បីឈានទៅប្រកួតស៊ីហ្គេមឆ្នាំ ២០២៣

image

អត្ថបទ៖ ម៉ៅ នរិទ្ធីយ៉ា

 ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ជំរុញឱ្យមានការកែសម្រួលសមាសភាពខ្លះនៅក្នុងសហព័ន្ធដែលចាំបាច់ឡើងវិញ និងបញ្ហាត្រូវរៀបចំឱ្យបានរួចរាល់នូវផែនការ និងសកម្មភាព សម្រាប់ឈានទៅរកការប្រកួតស៊ីហ្គេមឆ្នាំ ២០២៣។

ការជំរុញនេះធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទះកម្ពុជា ព្រឹកថ្ងៃទី០៩ កក្កដានេះនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក្នុងកិច្ចប្រជុំបានបន្ថែមឱ្យដឹងថា ក្នុងនាមសហព័ន្ធលោកកំពុងតែរៀបចំគ្រូបង្វឹកកម្រិតអន្តរជាតិមកពីក្រៅប្រទេស ដើម្បីមកជួយបណ្តុះបណ្តាលគ្រូបង្វឹកកម្ពុជាចាស់ៗដោយផ្ទាល់ ដើម្បីបំប៉នផ្នែកបច្ចេកទេសបន្ថែម ក្នុងនោះផងដែរក៏បង្កើតឱ្យមានក្រុមបន្តវេនដែលត្រូវជ្រើសរើសកីឡាករចេញពីក្នុងចំណោមមហាជន ពីថ្នាក់ឧត្តមសិក្សា ទាំងផ្នែករដ្ឋ និងឯកជន។

ហើយក្រុមបន្តវេនទាំងនោះ និងត្រូវបញ្ជូនឱ្យទៅសិក្សានៅក្រៅប្រទេស បូកផ្សំជាមួយគ្រូចាស់ៗ ដែលមានបទពិសោធន៍ពាក់ព័ន្ធនឹងកីឡាបាលទះនេះបន្ថែមទៀត ហើយត្រូវធ្វើការហ្វឹកហាត់ឱ្យបានទៀតទាត់ ទើបធ្វើឱ្យកីឡាករកាន់តែរឹងម៉ាំ និង ធានាឱ្យបានសម្រាប់ការចូលរួមប្រកួតស៊ីហ្គេមនៅពេលខាងមុខ។

លោកបញ្ជាក់ថា ដើម្បីទទួលបានភាពជោគជ័យត្រូវតែមានការចូលរួមសហការគ្នា ទាំងក្រុមបច្ចេកទេស ការជ្រើសរើសកីឡាករ និងអ្នកបង្កើតឱ្យមានចលនាកីឡា។

លោកសង្កត់ធ្ងន់ថា ពាក្យថា ចលនាកីឡា គឺចង់ឱ្យមហាជនងាកមកចាប់អារម្មណ៍ពីកីឡាបាល់ទះរបស់កម្ពុជា ដូច្នេះយើងត្រូវតែមានសកម្មភាព ក្នុងមហាជនទាំងរាជធានី ខេត្ត និងថ្នាក់ឧត្តមសិក្សារដ្ឋ និងឯកជន។ ទោះបីយ៉ាងណាលោកប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាក៏បានជំរុញឱ្យមានការជ្រើសរើសកីឡាករបាល់ទះផ្នែកនារីផងដែរ។

បើតាមលោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឱ្យដឹងថា ការប្រកួតកីឡាស៊ីហ្គេម លើកទី ៣០ ឆ្នាំ ២០១៩ កន្លងទៅ ចាប់ពីថ្ងទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន គឺកម្ពុជា បានចាត់បញ្ជូនក្រុមកីឡាករចំនួន ៣១ប្រភេទ ទៅចូលរួម ក្នុងនោះ ព្រភេទកីឡាបាល់ទះ មាន ២វិញ្ញាសា គឺកីឡាបាល់ទះក្នុងសាល មាន ១ក្រុម កីឡាករចំនួន ១៧រូប និងកីឡាបាល់ទះឆ្នេរខ្សាច់ មាន ២ក្រុម កីឡាករចំនួន ៥រូប។

អគ្គលេខាធិការរូបនេះ បញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ តាមការវាយតម្លៃជារួម ទោះបីក្រុមកីឡាបាល់ទះកម្ពុជាទាំង ២ក្រុម មិនទាន់ទទួលបានចំណាត់ថ្នាក់ក៏ពិតមែន ប៉ុន្តែបើប្រៀបធៀបជាមួយការចូលរួមប្រកួតកីឡាស៊ីហ្គេមលើកមុនៗ ពិនិត្យឃើញថា មានការអភិវឌ្ឍផ្នែកបច្ចេកទេសប្រកួតឈានឡើងមួយកម្រិតគួរឱ្យកត់សម្គាល់៕