ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ៖ ការចូលរួមសង្កេតការណ៍បោះឆ្នោតពីសំណាក់អង្គការសង្គមស៊ីវិល គឺជាការចាំបាច់
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានបើកវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍សង្គមស៊ីវិលជាតិ ជាង១០០០នាក់ មកពីអង្គការ សមាគមចំនួន៩៤ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ។

លោកកឹម រ័ត្នវិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានថ្លែងថា ការរៀបចំអោយមានវគ្គបណ្តុះបណ្តាល អ្នកសង្កេតការណ៍សង្គមស៊ីវិលនាពេលនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់អំពីតួនាទីរបស់អង្គការ សមាគម ក្នុងការចូលរួមពង្រឹងដំណើរការ នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការបង្ហាញអំពីគោលជំហរអព្យាក្រឹត្យផ្អែកលើការ វាយតម្លៃរបស់ខ្លួនដោយសុក្រឹត្យ និងអព្យាក្រឹត្យ ចំពោះដំណើរនៃការបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោត នាខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ អ្នកសង្កេតការណ៍ទាំងអស់នឹងចូលរួមដោយផ្ទាល់ផងដែរ ដល់ការធានាបាននូវអធិបតេយ្យភាព និងភាពជាម្ចាស់ការនៃការបោះឆ្នោតនៅកម្ពុជា។

ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល បន្តថា ក្នុងនាមជារដ្ឋអធិបតេយ្យ ការចូលរួមសង្កេតការណ៍ ក្នុងការបោះឆ្នោតពីសំណាក់អ្នកសង្កេតការណ៍សង្គមស៊ីវិលជាតិ គឺជាការចាំបាច់ណាស់ ដើម្បីចូលរួមពិនិត្យដោយផ្ទាល់អំពី ដំណើរការបោះឆ្នោត ប្រកបដោយតម្លាភាព សេរី យុត្តិធម៌ ត្រឹមត្រូវ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ជាធរមានផ្សេងទៀត។

លោកកឹម រ័ត្នវិសិដ្ឋ បញ្ជាក់ថា អ្នកសង្កេតការណ៍ជាតិដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ រួមមានអង្គការ សមាគម ចំនួន៩៤ ដែលមានអ្នកសង្កេតការណ៍សរុបចំនួន១០៣៨នាក់ មកពី២៥រាជធានី ខេត្ត និងបានចុះឈ្មោះជាអ្នកសង្កេតការណ៍ និងបានទទួលស្គាល់ដោយគ.ជ.ប រួចហើយ៕



អត្ថបទ ៖ មួង សុវណ្ណារិទ្ធ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation