ព័ត៌មានជាតិ

ជនជាតិចិនមួយក្រុម ចាប់ជំរិតជនជាតិចិនដូចគ្នា នៅខេត្តព្រះសីហនុ

image

អត្ថបទ៖ ប៉ៃ សុខឃីម


ជនជាតិចិនជំរិតទារប្រាក់ ៧នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបបាន

ព្រះសីហនុ៖ ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានបើកប្រតិបត្តិការចុះទៅបង្ក្រាបករណីជនជាតិចិនមួយក្រុម ដែលបានចាប់បង្ខាំង និងជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នាម្នាក់ទៀត កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។


ក្នុងកិច្ចប្រតិបត្តិការនេះ ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានឱ្យដឹងថា ក្រោមការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដែលបានដឹកនាំកម្លាំងកងរាជអាវុធហត្ថចំនួន ៣០នាក់ក្នុងកិច្ចប្រតិបត្តិការ។

ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការនេះគឺ ឃាត់បានជនសង្ស័យទាំង៧នាក់ ក្នុងនោះ រួមមាន៖ ទី១៖ ឈ្មោះ Cao Ya Qi ភេទស្រី អាយុ២១ឆ្នាំ ទី២៖ ឈ្មោះ Yang Jing ភេទប្រុស អាយុ២៧ឆ្នាំ ទី៣៖ ឈ្មោះ Xie Ji Liu ភេទប្រុស អាយុ២៨ឆ្នាំ ទី៤៖ ឈ្មោះ Cai Lei Lei ភេទប្រុស អាយុ៣៣ឆ្នាំ ទី៥៖ ឈ្មោះ Ou Qiang ភេទប្រុស អាយុ២៦ឆ្នាំ ទី៦៖ ឈ្មោះ Zhu Shou Jiang ភេទប្រុស អាយុ២៥ឆ្នាំ ទី៧៖ ឈ្មោះ Li Jun ភេទប្រុស អាយុ៣៣ឆ្នាំ។

ដោយឡែក ជនរងគ្រោះដែលត្រូវបានរំដោះបានមានឈ្មោះ Luo Ping ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន និងដកហូតវត្ថុតាងសម្រាប់ប្រព្រឹត្តបទល្មើសមួយចំនួន រួមមាន៖ រថយន្ត ចំនួន០១គ្រឿង ម៉ាក Highlander ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2A-9891, ម៉ូតូ ចំនួន០១គ្រឿង ម៉ាក PCX ពណ៌ស គ្មានស្លាកលេខ ថ្នាំគ្រាប់ពណ៌ក្រហម ចំនួន០២គ្រាប់ និងម្សៅសថ្លា ចំនួន០១កញ្ចប់ (សង្ស័យជាថ្នាំញៀន) ត្រាក្រហម ចំនួន០៨ត្រា កាតធនាគារ ចំនួន៥៤សន្លឹក ខ្នោះដៃ ចំនួន០៣ ម៉ាស៊ីនផ្លុំសក់ចំនួន០១ វាលិស ចំនួន០២ (តូច០១ និងធំ០១) ទូរស័ព្ទដៃ ចំនួន០៦គ្រឿង ដំបងឆក់ ចំនួន០១ដើម។

ឧបករណ៍ផ្តាច់សេវាទូរស័ព្ទ ចំនួន០១គ្រឿង និងឯកសារមួយចំនួន ឧបករណ៍សម្រាប់ឆែកទិន្ន័យធនាគារមួយចំនួន លិខិតឆ្លងដែន ចំនួន០៣ច្បាប់ ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួនកាបូបដៃ ចំនួន០១ ស៊ីមទូរស័ព្ទមួយចំនួន អត្តសញ្ញាណប័ណ្ណមួយចំនួនឈើចាក់ធ្មេញ ចំនួន០១ដុំ ឧបករណ៍ឆែកទិន្នន័យធនាគារ ចំនួន១៣ គ្រឿង។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថានៅព្រឹកថ្ងៃទី៧ ខែកក្កដាឆ្នាំ ២០២០នេះ ចំពោះជនសង្ស័យទាំង៧ នាក់កម្លាំងអាវុធហត្ថកំពុងធ្វើការសាកសួរ ដើម្បីបន្តនីតិវិធីបញ្ជូនទៅសាលាដំបូងនៅថ្ងៃទី៨ ខែកក្កដាឆ្នាំ២០២០៕