ព័ត៌មានជាតិ

មនុស្ស២នាក់ ស្លាប់ដោយសាររន្ទះបាញ់ ពេលមេឃកំពុងភ្លៀង

image

អត្ថបទ៖ ប៊ុន ចាន់ថន

បន្ទាយមានជ័យ៖ បុរសពីរនាក់បានស្លាប់ ក្នុងចំណោមមនុស្ស៥នាក់ ក្នុងពេលដែលមេឃកំពុងភ្លៀង។ មុនពេលកើតហេតុ មនុស្សទាំង៥នាក់នេះ បានទៅជ្រកក្នុងរោងពុះដីឡូតិ៍លក់មួយកន្លែង ស្រាប់តែត្រូវរន្ទះបាញ់ស្លាប់នៅនឹងកន្លែង នាវេលាម៉ោង ៥ល្ងាច នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០។

បើតាមប្រភពព័ត៌មានបានឱ្យដឹងថា នៅចំណុចពុះដីឡូតិ៍លក់នេះ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។



លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា ជនរងគ្រោះទាំង ២នាក់ មានឈ្មោះ ១ សៀក ជីឆូវ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

ជនរងគ្រោះទី២ មានឈ្មោះ យ៉ាង លី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបន្តថា មុនពេលកើតហេតុ មនុស្សទាំង៥នាក់នោះ បាននាំគ្នាទៅកន្លែងគម្រោងពុះលក់ដីឡូតិ៍ ក្នុងភូមិទឹកថ្លា លុះដល់វេលាម៉ោងជិត ៥ល្ងាច ស្រាប់តែមានភ្លៀងយ៉ាងខ្លាំង អមទៅដោយខ្យល់កន្ត្រាក់ ពេលនោះមនុស្សទាំង៥នាក់ បានរត់ទៅជ្រកក្នុងរោងគម្រោងពុះដីឡូតិ៍លក់ ស្រាប់តែត្រូវរន្ទះបាញ់ចំរោង បណ្តាលឱ្យស្លាប់បុរស់ ២នាក់ នៅនឹងកន្លែងកើតហេតុ ដោយមិនអាចជួយសង្គ្រោះបាន។

ចំណែកឯមនុស្ស ៣នាក់ទៀត ក្នុងកន្លែងកើតហេតុ មិនមានអ្នកណារងរបួសនោះទេ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា ក្រោយពីកើត សពបុរស់ទាំងពីរខាងលើដែលបានស្លាប់ ត្រូវបានក្រុមគ្រួសារនៃសព យកទៅចាត់តែងធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕