ប្រធានបក្សCPP ប្រកាសបញ្ចុះថ្លៃអគ្គិសនីគ្រប់ប្រភេទនៅឆ្នាំ២០១៩និង២០២០
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាស ថា រាជរដ្ឋាភិបាលអាណត្តិទី ៦ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងមានសម្តេចជានាយករដ្ឋមន្ត្រីនឹង ពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិឱ្យដល់គ្រប់ភូមិទាំងអស់នៅឆ្នាំ២០២០និងបន្តបញ្ចុះថ្លៃអគ្គិសនី។

សម្តេចតេជោបានមានប្រសាសន៍នាព្រឹកមិញនេះ ដោយសន្យាជូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសថា រាជរដ្ឋាភិបាលនឹងរៀបចំ អនុវត្តនូវកម្មវិធីកាត់បន្ថយថ្លៃអគ្គិសនីសម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទ នៅទូទាំងប្រទេសសម្រាប់ ឆ្នាំ២០១៩និងឆ្នាំ២០២០ ។

យោងតាមការគោលនយោបាយបញ្ចុះថ្លៃអគ្គិសនីដែលសម្តេចប្រកាសចេញនៅថ្ងៃនេះ បង្ហាញថា នឹងមានការបញ្ចុះថ្លៃប្រើប្រាស់ អគ្គិសនីសម្រាប់ទាំងអ្នកប្រើប្រាស់ធំគ្រប់ប្រភេទ,អ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម ,អ្នកប្រើប្រាស់ប្រភេទពាណិជ្ជកម្មនិងរដ្ឋបាល ,សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ក៏ដូចជាប្រជាពលរដ្ឋតាមលំនៅស្ថាន។

ក្នុងនោះសម្រាប់ប្រជាពលរដ្ឋតាមលំនៅស្ថាន ត្រូវបានកំណត់ថា ៖
-អ្នកប្រើប្រាស់ ពី ១ ដល់ ១០Kwh(គីឡូវ៉ាត់ម៉ោង) ក្នុងមួយខែ អ្នកភ្នំពេញ តម្លៃ ៦១០រៀល និងបណ្តាខេត្ត៤៨០រៀល នៅឆ្នាំ២០១៨នេះ នឹងបញ្ចុះមកនៅ ៣៨០រៀលនៅឆ្នាំ២០១៩ និងឆ្នាំ២០២០។
-អក្នកប្រើប្រាស់ ពី ១១ ដល់ ៥០Kwh(គីឡូវ៉ាត់ម៉ោង) ក្នុងមួយខែ ដែលមានតម្លៃ៦១០រៀលនៅឆ្នាំ២០១៨នេះ នឹងបញ្ចុះមកនៅ ៤៨០រៀលនៅឆ្នាំ២០១៩ និងឆ្នាំ២០២០។
-អក្នប្រើប្រាស់ ពី ៥១ ដល់ ២០០Kwh(គីឡូវ៉ាត់ម៉ោង) ក្នុងមួយខែ ដែលមានតម្លៃ៧២០រៀលនៅភ្នំពេញ និងបណ្តាខេត្ត ៧៧០រៀលនៅឆ្នាំ២០១៨នេះ នឹងបញ្ចុះមកនៅ ៦១០រៀលនៅឆ្នាំ២០១៩ និងឆ្នាំ២០២០។
-អក្នប្រើប្រាស់លើសពី២០០Kwh(គីឡូវ៉ាត់ម៉ោង) ក្នុងមួយខែ ដែលមានតម្លៃ៧៥០រៀលនៅភ្នំពេញ និងបណ្តាខេត្ត ៧៧០រៀលនៅឆ្នាំ២០១៨នេះ នឹងបញ្ចុះមកនៅ ៧៤០រៀលនៅឆ្នាំ២០១៩ និង ៧៣០រៀលនៅឆ្នាំ២០២០។

ជុំវិញវិធានការនេះ សម្តេចតេជោ បញ្ជាក់ថា ដើម្បីអនុវត្តបានតាមកម្មវិធីបញ្ចុះថ្លៃអគ្គិសនី រដ្ឋត្រូវលះបង់ចំណូលពន្ធ ប្រមាណជិត ៤០លានដុល្លាក្នុងមួយឆ្នាំ ។

សម្តេចតេជោរំពឹងថា វិធានការជាក់ស្តែងនេះមិនត្រឹមផ្តល់ការសម្រួលមួយកម្រិតថែមទៀត ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាគ្រប់ស្រទាប់ជាន់ថ្នាក់ប៉ុណ្ណោះទេ តែក៏នឹងជួយលើកកម្ពស់ភាពប្រកួតប្រជែង របស់កម្ពុជាថែមទៀតក្នុងការទាកទាញការវិនិយោគ និងការលើកស្ទួយកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេស ដែលនឹងរួមចំណែក យ៉ាងសំខាន់ដល់ការទ្រទ្រង់កំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព ព្រមទាំងការបង្កើតការងារនិងបង្កើនប្រាក់ចំណូលជូនដល់ ប្រជាពលរដ្ឋ ជាពិសេសដល់ស្រទាប់យុវវ័យ។

ជាមួយគ្នានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញជំនឿថា ប្រជាពលរដ្ឋ នៅទូទាំងប្រទេសពិតជាយល់ដឹងអំពីសារៈសំខាន់និងចង់ទទួលបាននូវអត្ថប្រយោជន៍ពីការអនុវត្តកម្មវិធីបញ្ចុះថ្លៃអគ្គិសនីនេះ ហើយប្រាកដជាផ្តល់ការគាំទ្រដល់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចជានាយករដ្ឋមន្ត្រីតាមរយៈសំឡេងឆ្នោតគាំទ្រម្នាក់ មួយសន្លឹករបស់ខ្លួននៅក្នុងការបោះឆ្នោត នាថ្ងៃទី ២៩ ខែកក្ដដា ខាងមុខ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation