ព័ត៌មានជាតិ

គម្រោងអភិវឌ្ឍន៍រោងចក្រផលិតអគ្គីសនីធ្យូងថ្ម នៅស្រុកស្ទឹងហាវ នឹងជួយបង្កើតការងារ និងកាត់បន្ថយការនាំចូលអគ្គិសនី

image

ព្រះសីហនុ៖ គម្រោងរោងចក្រផលិតអគ្គិសនីធ្យូងថ្ម មានកម្លាំង ២x៣៥០MW (៧០០មេហ្គាវ៉ាត់) កំពុងសាងសង់លើផ្ទៃដី ៥៤,៩ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នឹងត្រូវបញ្ចប់នៅចុងឆ្នាំ ២០២២ខាងមុខនេះ។

គម្រោងរោងចក្រអគ្គិសនីធ្យូងថ្មនេះ នឹងផ្តល់ផលប្រយោជន៍ ដូចជា ផ្តល់ការងារជូនប្រជាពលរដ្ឋ កាត់បន្ថយការនាំចូលអគ្គិសនីពីប្រទេសជិតខាង និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។
ក្រុមហ៊ុន អេសប៊ីខេ រ៉ីស៊ីន អេន ឌីវេឡុមមេន ជាក្រុមហ៊ុនបានទទួលសិទ្ធិសាងសង់រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម ដោយបានធ្វើបទបង្ហាញចំណុចនិយាមកាគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់គម្រោង ផលប៉ះពាល់សំខាន់ៗ និងវិធានការដោះស្រាយមួយចំនួនផងដែរ។

អភិបាលរងខេត្តព្រះសីហនុ លោក ឈិន សេងងួន បានស្វាគមន៍ក្រុមហ៊ុន អេសប៊ីខេ រ៉ីស៊ីន អេន ឌីវេឡុមមេន និងបានសន្យាចូលរួមសហការ ដើម្បីឱ្យក្រុមហ៊ុននេះ មានលទ្ធភាពក្នុងការសាងសង់ស្ពានជញ្ជូនធ្យូងថ្ម និងការសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម នៅស្រុកស្ទឹងហាវ ប្រកបដោយរលូន ដូចជា៖ ការសាងសង់ស្ពានជញ្ជូនធ្យូងថ្ម ដើម្បីផ្គត់ផ្គង់រោងចក្រ រៀបចំទីតាំងស្តុបធ្យូងថ្ម ដើម្បីកុំឱ្យមានផលប៉ះពាល់ដល់បរិស្ថាន ក្រុមហ៊ុនអនុវត្តច្បាប់ការងារ និងបទដ្ឋានគតិយុត្តនានាដល់និយោគិន និងកម្មករ, សិក្សាសុខមាលភាពប្រជាពលរដ្ឋ ដែលរស់នៅលើគម្រោងសាងសង់រោងចក្រផលិតធ្យូងថ្មចំងាយ ១០គីឡូម៉ែត្រ និងការពារដល់ផលប្រយោជន៍សុខភាពសាធារណៈក្នុងខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ននេះ មានរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មចំនួន ២ គឺរោងចក្ររបស់ក្រុមហ៊ុន Cambodia International Investment Development Group (CIIDG) និង រោងចក្ររបស់ក្រុមហ៊ុនប្រទេសម៉ាឡេស៊ី Leader Universal Holdings។ យោងតាមក្រសួងរ៉ែ និងថាមពល គិតត្រឹមឆ្នាំ២០១៩ កម្ពុជាមានទំនប់វារីអគ្គិសនីចំនួន៧ ផ្តល់ថាមពលសរុបចំនួន ១,៣២៨មេហ្កាវ៉ាត់, រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មចំនួន២ ផ្តល់ថាមពលសរុបចំនួន ៦៤០មេហ្គាវ៉ាត់, រោងចក្រអគ្គិសនីដើរដោយចំហេះប្រេងខ្មៅ ផ្តល់ថាមពលសរុបចំនួន ២៧៤មេហ្កាវ៉ាត់, រោងចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យចំនួន២ ផ្តល់ថាមពល ៩០មេហ្កាវ៉ាត់ និងអគ្គិសនីដើរដោយជីវឧស្ម័ន ផ្តល់ថាមពល ៥៦មេហ្កាវ៉ាត់។

សូមជម្រាបថា ប្រភពថាមពលទាំងនេះ ធ្វើឱ្យកម្ពុជា មានថាមពលអគ្គសនីក្នុងប្រទេសសរុប ២,៣៨៨មេហ្កាវ៉ាត់។ ដើម្បីបំពេញតម្រូវប្រើប្រាស់ ដែលកើនឡើងជារៀងរាល់ឆ្នាំ កម្ពុជា បាននាំចូលថាមពលអគ្គិសនីពីប្រទេសជិតខាង ដែលរួមមានប្រទេសថៃ វៀតណាម និងឡាវ ប្រមាណ ៤៤២.៥មេហ្កាវ៉ាត់បន្ថែមទៀត៕អត្ថបទ ៖ អៀវ ឈៀងនី