ទិវាមច្ឆជាតិឆ្នាំនេះ កម្ពុជាពុំមានប្រារព្ធពិធីលែងត្រី លែងបង្កង ដូចរាល់ឆ្នាំទេ ដោយសារកូវីដ-១៩
| ព័ត៌មានជាតិ
SHARE

អត្ថបទ៖ វឿន សាវុធ

ភ្នំពេញ៖ លោក ណៅ ធួក រដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០


ទិវាមច្ឆជាតិឆ្នាំនេះ ប្រទេសកម្ពុជា ពុំមានប្រារព្ធពិធីលែងត្រី លែងបង្កង ដូចរាល់ឆ្នាំទេ ដោយសារមូលហេតុប្រទេសជួបប្រទះរោគរាតត្បាតកូវីដ-១៩ ដូចពិភពលោកទាំងមូលដែរ។ ប៉ុន្ដែ ក្រសួងកសិកម្ម និងរដ្ឋបាលជលផលនៅតែបន្ដកិច្ចការរបស់ខ្លួនតាមស្មារតីនៃអនុក្រឹតលេខ៩៩ អនក្រ.បក ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០២ ដែលចុះហត្ថលេខាសម្រេចដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាស្ដីពីការបង្កើតទិវាមច្ឆជាតិ។

លោក ណៅ ធួក បានប្រាប់ CNC ទៀតថា ការបរិភោគត្រី និងផលិតផលត្រីរបស់ប្រជាជនខ្មែរក្នុងមួយនាក់នៅរយៈពេលមួយឆ្នាំ ៖ ត្រីស្រស់ ៥២,៤គីឡូក្រាម ក្នុងនោះមាន ប្រហុក ៥,២គីឡូក្រាម ផ្អកឬមាំ ៤,៨គីឡូក្រាម ត្រីឆ្អើរ ៨,៣គីឡូក្រាម ត្រីប្រលាក់ ៩,៣គីឡូក្រាម និងទឹកត្រី ៤,៥លីត្រ។

សូមជម្រាបថា ក្នុងបំណងរក្សាត្រីទុកសម្រាប់បរិភោគរបស់មនុស្សជំនាន់នេះ និងកូនចៅខ្មែរជំនាន់ក្រោយៗទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា សម្រេចបង្កើតទិវាមច្ឆជាតិតាមរយៈអនុក្រឹតលេខ៩៩ អនក្រ.បក ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០២។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងមាត្រា១ និងមាត្រា២ នៃអនុក្រឹតនេះថា មាត្រា១- ត្រូវបានបង្កើត «ទិវាមច្ឆជាតិ» នៃព្រះរាជាណាចក្រកម្ពុជាដែលប្រារព្ធធ្វើឡើងនៅទូទាំងប្រទេសនាថ្ងៃទី០១ ខែកក្កដា ជារៀងរាល់ឆ្នាំក្នុងគោលបំណងបំផុសប្រជារាស្ដ្រចូលរួមចំណែកការពារ អភិរក្ស និងអភិវឌ្ឍវិស័យជលផល ក្នុងទិសដៅធានានិរន្តរភាព នៃធនធានជលផលដើម្បីប្រយោជន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន។

មាត្រា២- ក្នុងទិវាមច្ឆជាតិនេះ គ្រប់ក្រសួង ស្ថាប័នរដ្ឋ សាលាខេត្ត ក្រុង សហគ្រាសសាធារណៈ សហគ្រាសឯកជន សមាគម សហគមន៍ និងគ្រឹះស្ថានសិក្សានានា ត្រូវបំផុសមន្ត្រីរាជការ មន្ដ្រីនគរបាល យោធិន និយោជិត សិស្ស និស្សិត និងប្រជារាស្ដ្រ អំពីស្មារតីគោរពច្បាប់ស្មារតីការពារធនធានជលផល៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation