ព័ត៌មានជាតិ

តើធនាគារជាតិនៃកម្ពុជា ចំណាយថ្លៃប៉ុន្មានក្នុងការបោះពុម្ពក្រដាសប្រាក់ ១០.០០០រៀល?

image

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានអះអាងថា កំណើនតម្រូវការប្រាក់រៀល នឹងធ្វើឱ្យធនាគារជាតិនៃកម្ពុជា អាចបោះពុម្ពផ្សាយក្រដាសប្រាក់រៀលកាន់តែច្រើន។ នៅពេលក្រដាសប្រាក់រៀលត្រូវបានបោះពុម្ពកាន់តែច្រើន នោះកម្ពុជានឹងអាចទទួលបានចំណូលពីការបោះពុម្ពកាន់តែច្រើនដែរ។

របាយការណ៍ដដែលនេះ ក៏បានលើកបង្ហាញជាឧទាហរណ៍មួយអំពី ក្រដាសប្រាក់ប្រភេទ ១០.០០០រៀល ត្រូវការថ្លៃចំណាយបោះពុម្ពចំនួន ៣០០រៀល។ នៅពេលដែលក្រដាសប្រាក់ប្រភេទ ១០.០០០រៀលនេះ ត្រូវបានបោះផ្សាយ និងដាក់ឱ្យចរាចរដល់សាធារណជន ក្រដាសប្រាក់នេះអាចទិញទំនិញក្នុងតម្លៃ ១០.០០០រៀល។ ដូច្នេះចំណូលពីការបោះពុម្ពស្មើនឹង ៩.៧០០រៀល។

ធនាគារជាតិនៃកម្ពុជា បានលើកឡើងទៀតថា សេដ្ឋកិច្ចដែលមានដុល្លារូបនីយកម្មខ្ពស់បានដាក់កំហិតលទ្ធភាពរបស់ប្រទេសក្នុងការទទួលបានចំណូលពីការបោះពុម្ពនេះ ដោយសារសាធារណជនកាន់រូបិយប័ណ្ណជាចម្បង ជំនួសឱ្យរូបិយវត្ថុជាតិ។ ដូច្នេះ ការកាន់កាប់រូបិយប័ណ្ណមានន័យស្មើនឹងការខាតបង់ចំណូលពីការបោះពុម្ព។ លើសពីនេះ ការកាន់កាប់នេះក៏ធ្វើឱ្យកម្ពុជាបាត់ឱកាសទទួលបាននូវចំណូលការប្រាក់បញ្ញើ និងការវិនិយោគរូបិយប័ណ្ណ (ដែលត្រូវស្រូបយកដោយធនាគារកណ្តាលក្នុងករណីគ្មានដុល្លារូបនីយកម្ម) នៅក្នុងទីផ្សារហិរញ្ញវត្ថុ អន្តរជាតិ។

តាមរយៈការបោះពុម្ពក្រដាសប្រាក់រៀលកាន់តែច្រើន រាជរដ្ឋាភិបាលនឹងទទួលបានមូលនិធិក្នុងនាមជាអ្នកខ្ចីពីសេដ្ឋកិច្ចដោយមិនមានការប្រាក់ ដើម្បីយកទៅធ្វើការវិនិយោគក្នុងសេដ្ឋកិច្ច ឬបង្កើនចំណាយសំដៅអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចអាទិភាពនានា។

យោងតាមធនាគារជាតិនៃកម្ពុជា ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើននឹងធ្វើឱ្យកម្ពុជាទទួលបានចំណេញចម្បងៗទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ដូចខាងក្រោម៖

• ពង្រឹងអត្តសញ្ញាណជាតិដោយប្រាក់រៀល ក៏ជាផ្នែកមួយបង្ហាញពីប្រទេសកម្ពុជាផងដែរ។
• បង្កើនទុនបម្រុងជាតិរបស់កម្ពុជា ដែលពង្រឹងភាពធន់នៃសេដ្ឋកិច្ចនិងវិស័យហិរញ្ញវត្ថុ។
• ពង្រឹងប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ ដែលនឹងរួមចំណែករក្សាស្ថិរភាពថ្លៃ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
• ពង្រឹងប្រសិទ្ធភាពគោលនយោបាយអត្រាប្តូរប្រាក់ ដែលនឹងរួមចំណែកក្នុងការជំរុញពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជារួមចំណែកជួយសេដ្ឋកិច្ចនៅពេលមានការប៉ះទង្គិចជាយថាហេតុ។
• បង្កើនចំណូលពីការបោះពុម្ពក្រដាសប្រាក់ ដែលនឹងរួមចំណែកបង្កើនចំណូលជូនរាជរដ្ឋាភិបាល ដើម្បីយកទៅអភិវឌ្ឍសេដ្ឋកិច្ចជាតិដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការចំណាយសាធារណៈជាដើម។
• ពង្រឹងអធិបតេយ្យភាពរូបិយវត្ថុ ដោយកាត់បន្ថយភាពងាយរងឥទ្ធិពលពីការប្រែប្រួលនៃតម្លៃប្រាក់ដុល្លារអាមេរិក ដែលអាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ៕ អត្ថបទ៖ សៀម ប៊ុនធី