លោក ហ៊ុន ម៉ានី ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់វត្តសរុបចំនួន ៤ នៃស្រុកឧដុង្គ
| ព័ត៌មានជាតិ
SHARE

កំពង់ស្ពឺ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងលោកស្រី យឹម ឆៃលីន ព្រមទាំងសហការី បានអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ ដល់វត្តសរុបចំនួន ៤ នៃស្រុកឧដុង្គ ដែលពិធីនេះបានធ្វើរួមគ្នា នៅបរិវេណវត្តហរិរក្សរាជានី ហៅវត្តវាំងចាស់ ស្ថិតក្នុងភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា ទំនៀមបូជាទៀនវស្សា គឺជាផ្នែកមួយនៃការគោរពរបស់ពុទ្ធបរិស័ទ រំលឹកនឹកទៅដល់គុណូបការៈនៃព្រះសម្មាសម្ពុទ្ធសមណគោតម ដោយធ្វើការបូជាគ្រឿងសក្ការៈ ផ្គត់ផ្គង់ចង្ហាន់បិណ្ឌបាត និងគ្រឿងបរិក្ខារផ្សេងៗ ដល់ព្រះសង្ឃគង់ចាំវស្សា។ នេះជាទំនៀមមួយដែលបង្ហាញពីការរួមសាមគ្គីគ្នារបស់ពុទ្ធបរិស័ទខ្មែរ ក្នុងការហែទេយ្យទានទៅប្រគេនព្រះសង្ឃនៅតាមទីអារាមនានា និងរួបរួមគ្នាបរិច្ចាគធនធានទៅតាមសទ្ធាជ្រះថ្លា ក្នុងជំនឿចាប់យកនូវមគ្គផលកុសលផលបុណ្យ។

ពិធីចូលព្រះវស្សាជាច្បាប់មួយរបស់ព្រះពុទ្ធ តម្រូវឱ្យព្រះសង្ឃគ្រប់អង្គ ដែលប្រតិបត្តិសាសនាទ្រង់ ត្រូវគង់ចាំព្រះវស្សានៅក្នុងវត្តនីមួយៗ រយៈពេល ៣ខែ ទៅតាមពុទ្ធប្បញ្ញត្តិរបស់ព្រះសម្មាសម្ពុទ្ធនៃយើង។
បន្ទាប់ពីការគង់ចាំព្រះវស្សារយៈពេល ៣ខែ ផុតទៅ ព្រះភិក្ខុ និងសាមណេរ បានធ្វើដំណើរទៅដល់កន្លែងព្រះសម្មាសម្ពុទ្ធគង់នៅពេលនោះ ព្រះពុទ្ធ បានទូលសួរទៅភិក្ខុ សាមណេរ ទាំងអស់ថា «ភិក្ខុ សាមណេរ មានសេចក្តីសុខទុក្ខយ៉ាងណា នៅពេលចាំវស្សានៅពាក់កណ្តាលផ្លូវបែបនេះ» ភិក្ខុ សាមណេរ ក៏បានទូលប្រាប់ព្រះពុទ្ធ ថា សេចក្តីសុខទុក្ខជាធម្មតាទេ តែមានការ លំបាកដោយមានភ្លៀងធ្លាក់ជោកជាំ ធ្វើឱ្យស្បង់ចីវរទទឹក ឬប្រឡាក់។ នេះជាបញ្ហាមួយ ដែលនាំ ផលវិបាកដល់ភិក្ខុ សាមណេរ ហើយចំណេរចីរកាលមក ក៏មានត្រណម មិនឱ្យព្រះសង្ឃនិមន្ត ចេញក្រៅវត្ត ដោយគ្មានភារកិច្ចចាំបាច់ ។

ដោយមានតំណាលបែបនេះ នៅពេលដល់ចូលព្រះវស្សា (គង់ចាំវស្សាក្នុងវត្ត) រយៈពេល ៣ខែ ភិក្ខុ សាមណេរ គង់ក្នុងវត្ត សិក្សារៀនសូត្រពីព្រះធម៌ និងព្រះវិន័យឱ្យបានល្អ ពីព្រោះរដូវនេះមានភ្លៀងធ្លាក់ ធ្វើឱ្យព្រះសង្ឃ ពិបាកក្នុងការនិមន្ត ដើរបិណ្ឌបាត រីឯប្រជាកសិករ ពួកគាត់ ក៏ មានការរវល់ ក្នុងការធ្វើស្រែចម្ការផងដែរ។ លុះពេលចេញវស្សា ប្រជាពលរដ្ឋទូទាំងប្រទេស តែងធ្វើបុណ្យកឋិនដង្ហែទៅវត្តប្រគេនទេយ្យទាន ទេយ្យវត្ថុ ស្បង់ចីវរ ដល់ភិក្ខុ សាមណេរក្នុងវត្ត នានា ៕
អត្ថបទ៖ វង្ស សុភ័ក្រ្ត

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation