ព័ត៌មានជាតិ

មុនថ្ងៃបើកឃោសនាមួយថ្ងៃ សម្តេចតេជោនៅតែអំពាវនាវអោយពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជន

image

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី ៦ ខែកក្តដា ឆ្នាំ២០១៨នេះ នៅខ្វះតែមួយថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលពី៦ ។


នាព្រឹកនេះ តាមរយៈទំព័រហ្វេសបុកផ្លូការ សម្តេចតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជាបានបន្ត អំពាវនាវអោយប្រជាពលរដ្ឋគ្រប់រូបសូមអញ្ញើញទៅបោះឆ្នោត ជាពិសេសបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដែលដកស្រង់ចេញពីទំព័រហ្វេសបុករបស់សម្តេចតេជោហ៊ុនសែន
«សុខសប្បាយជាទេបងប្អូនជនរួមជាតិនិងក្មួយៗយុវជនយុវតី?


ថ្ងៃបើកយុទ្ឋនាការឃោសនាបោះឆ្នោតផ្លូវការគឺនឹងមកដល់នៅថ្ងៃសៅរ៍ទី ៧ កក្កដា នេះហើយ។ រីឯចំពោះគណបក្សប្រជាជនយើងវិញការប្រារព្ឋខួបកំណើតបក្សលើកទី ៦៧ ក៏នឹងប្រារព្ឋធ្វើនៅថ្ងៃសៅរ៍ខាងមុខនេះដែរ។ តើបងប្អូនបានរៀបចំនិងត្រៀមខ្លួនហើយឬនៅ?


ខ្ញុំរំភើបនឹងសប្បាយរីករាយជាខ្លាំងដែលបានឃើញជនរួមជាតិ និងក្មួយៗសស្រាក់សស្រាំគ្រប់ៗគ្នាចាប់តាំងពីទីក្រុងដល់ជនបទដោយទឹកមុខសប្បាយរីករាយរង់ចាំថ្ងៃដ៏សំខាន់បំផុតសម្រាប់ប្រទេសជាតិដែលនឹងមកដល់ឆាប់ៗក្នុងខែកក្កដានេះ។ ខ្ញុំសូមលើកទឹកចិត្តបងប្អូនទៅបោះឆ្នោតអោយបានគ្រប់ៗគ្នាដើម្បីប្រទេសជាតិយើងទាំងអស់គ្នា។
ជម្រើសដ៏ល្អបំផុត គឺសូមបងប្អូនបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា លេខរៀងទី ២០ នៅថ្ងៃបោះឆ្នោត ២៩ កក្កដា ២០១៨ ខាងមុខនេះ។ 


សូមជូនពរជនរួមជាតិ និងក្មួយៗយុវជនយុវតីជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា។»
សូមជំរាបថា យុទ្ធនាការឃោសនាបោះឆ្នោតចាប់ផ្តើមនៅថ្ងៃទី ០៧ ខែកក្តដា ដល់ថ្ងៃទី ២៧ កក្ដដា ខណៈដែលថ្ងៃទី២៨ កក្តដា ជាថ្ងៃ «ស» ហើយថ្ងៃទី២៩ កក្តដា ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦៕


ដោយ៖អោម ចែតច័ន្ទណារ៉ា