ស្ថានភាពនៅព្រំដែនអន្តរកូរ៉េ មានសភាពធម្មតា បើទោះបីជាកំពុងមានភាពតានតឹងក៏ដោយ
កូរ៉េ៖ ស្ថានភាពនៅព្រំដែនរវាងប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះមានសភាពស្ងប់ស្ងាត់ធម្មតា ក្នុងគ្រាដែលភាពតានតឹងកំពុងកើនឡើងនៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីកូរ៉េខាងជើង បានបំផ្ទុះកម្ទេចចោលការិយាល័យទំនាក់ទំនងអន្តរកូរ៉េ និងគំរាមចាត់វិធានការយោធា។
ប្រទេសកូរ៉េខាងជើង មិនអើពើនឹងការអំពាវនាវរបស់កូរ៉េខាងត្បូង ឱ្យត្រឡប់មករកកិច្ចចរចាឡើយខណៈដែលកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ផ្តើមគម្រោងសេដ្ឋកិច្ចអន្តរកូរ៉េឡើងវិញត្រូវបានជាប់គាំងដោយសារការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិដែលត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីបញ្ចប់កម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
កូរ៉េខាងជើង ក៏បានប្រឆាំងដាច់ខាតនឹងក្រុមផ្តាច់ខ្លួននៅកូរ៉េខាងត្បូងដែលបានបញ្ជូនខិត្តប័ណ្ណឃោសនានានាចូលទៅក្នុងប្រទេសរបស់ខ្លួនផងដែរ។
នៅថ្ងៃព្រហស្បតិ៍ដដែលនេះ ក្រុមអ្នកផ្តាច់ខ្លួនមួយក្រុមនៅក្នុងប្រទេសកូរ៉េខាងត្បូង បានរៀបចំច្រកអង្ករចូលក្នុងដបផ្លាស្ទិករាប់រយដបហើយគ្រោងបណ្តែតតាមទឹកចូលទៅក្នុងប្រទេសកូរ៉េខាងជើង បើទោះបីជាត្រូវប្រឈមនឹងផ្លូវច្បាប់នៅកូរ៉េខាងត្បូង និងមានការគំរាមពីក្រុងព្យុងយ៉ាងក៏ដោយ៕
ប្រែសម្រួលដោយ ហៀង នីតា