ប.ស.ស អំពាវនាវដល់អ្នកបើកបរយានយន្តដឹកកម្មករប្រុងប្រយ័ត្នក្នុងការបើកបរ និងបានត្រួតពិនិត្យយានយន្តរបស់ខ្លួនឱ្យបានជាប្រចាំ ដើម្បីបញ្ចៀសគ្រោះថ្នាក់
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ ០៦:២០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រលេខ ៣៥-៣៦ ស្ថិតនៅភូមិកំណត់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលបានបណ្តាលឱ្យកម្មករនិយោជិតរងរបួសធ្ងន់ចំនួន១៧ នាក់ និងស្រាលចំនួន៣៤ នាក់ ក្នុងចំណោមចំនួនកម្មករនិយោជិតដែលជិះលើឡានសរុបចំនួន ៥០-៦០ នាក់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីម្ចាស់រថយន្តដឹកកម្មករវ៉ាជែងរថយន្ត ដែលបើកបរនៅខាងមុខ ហើយបានធ្វើឱ្យទាញចង្កូតខ្លាំងពេក ក៏បានបណ្តាលឱ្យរថយន្តក្រឡាប់តែម្តង។ ក្រោយទទួលបានព័ត៌មាន មន្ត្រី និងបុគ្គលិកបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខណ្ឌដង្កោ បានសហការជាមួយសមត្ថកិច្ចមូលដ្ឋាន បានចុះទៅសម្របសម្រួល និងបញ្ជូនជនរងគ្រោះទៅពិនិត្យ និងព្យាបាលនៅតាមមន្ទីរពេទ្យ និងមូលដ្ឋានសុខាភិបាល។

ក្នុងនោះជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពត្រាំខ្នារចំនួន ២៩នាក់ និង មន្ទីរពេទ្យព្រះកុសុមៈចំនួន២១នាក់ និងបន្ទប់ពិគ្រោះ និងព្យាបាលជំងឺមូលមិត្តដើមរការចំនួន១នាក់។ រាល់ថ្លៃសេវាដឹកជញ្ជូនជនរងគ្រោះ ថ្លៃសេវាពិនិត្យ និងព្យាបាលរហូតដល់ជាសះស្បើយ ជាបន្ទុកទាំងស្រុងរបស់ បេឡាជាតិរបបសន្តិសុខសង្គម។

បេឡាជាតិរបបសន្តិសុខសង្គម បានសម្តែងការសោកស្តាយចំពោះ ព័ត៌មានពីការគ្រោះថ្នាក់នេះ របស់បងប្អូនកម្មករនិយោជិត ក្នុងនាម ប.ស.ស សូមក្រើនរំលឹកដល់បងប្អូនអ្នកបើកបរយានយន្តដឹកកម្មករទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងបានត្រួតពិនិត្យយានយន្តរបស់ខ្លួនឱ្យបានជាប្រចាំ ព្រមទាំងគោរពច្បាប់ចរាចរណ៍ឲ្យខ្ជាប់ខ្ជួន ដើម្បីបង្កាគ្រោះថ្នាក់នានា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation