សម្តេចតេជោ អំពាវនាវច្រើនចំណុច មុនពេលដែលថ្ងៃបើកឃោសនាបោះឆ្នោតនឹងចាប់ផ្តើមនៅថ្ងៃ៧ កក្កដា ខាងមុខ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ បន្ទាប់ពីបានអំពាវនាវនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករក្នុងខេត្តកណ្តាលនាព្រឹកមិញនេះរួច សម្តេចតេជោ ហ៊ុនសែនក៏បានបញ្ជាក់ពីការអំពាវនាវបែបនេះសារជាថ្មីនៅលើទំព័រហ្វេសបុកផ្លូវការ ដោយបញ្ជាក់ថា ថ្ងៃបើកឃោសនាបោះឆ្នោតគឺចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី ៧ កក្កដា ២០១៨។

នៅលើទំព័រហ្វេសបុកផ្លូវការសម្តេចតេជោ បានបញ្ជាក់នូវខ្លឹមសារដើមទាំងស្រុងថា «ខ្ញុំសូមអំពាវនាវសារជាថ្មីម្តងទៀត ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធទាំងអស់ឲ្យខិតខំថែរក្សានូវបរិយាកាសនយោបាយអព្យាក្រឹត្យ ដើម្បីធានាដល់ការបោះឆ្នោតមួយប្រកបដោយភាពសេរី យុត្តិធម៌ និងត្រឹមត្រូវ។

ទន្ទឹមនឹងនេះដែរ គ្រប់បណ្តាស្ថាប័នរដ្ឋ និងមន្ត្រីរាជការដែលធ្វើការនៅស្ថានប័នរដ្ឋ ឬអ្នកឈរជាតំណាងរាស្ត្រ ឬអ្នកដែលចូលរួមក្នុងយុទ្ធនាការនៃការឃោសនារកសម្លេងឆ្នោតទាំងអស់មិនត្រូវប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ, ថវិការដ្ឋ, មធ្យោបាយរដ្ឋ… ដើម្បីយកទៅធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនោះឡើយ។ ស្ថាប័នពាក់ព័ន្ឋទាំងអស់ ត្រូវធ្វើការឲ្យបានប្រាកដប្រជាដើម្បីធានាថា រាល់នូវមធ្យោបាយរបស់រដ្ឋទាំងអស់គឺមិនត្រូវបានយកទៅបម្រើសម្រាប់បក្សនយោបាយណាមួយឡើយក្នុងនោះគឺមានរថយន្តរដ្ឋ រួមទាំងផ្លាករថយន្តនគរបាល និងកងកម្លាំងប្រដាប់អាវុធ។ គឺត្រូវប្រើប្រេងសាំង និងមធ្យាបាយផ្ទាល់ខ្លួនដែលមិនមែនជារបស់រដ្ឋក្នុងការធ្វើយុទ្ធនាការបោះឆ្នោតខាងមុខនេះ។

អាជ្ញាធរពាក់ព័ន្ឋគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធត្រូវតែអព្យាក្រឹត្យ ហើយត្រូវការពារឲ្យខានតែបានចំពោះគ្រប់គណបក្សនយោបាយទាំងអស់ដែលនឹងចូលរួមធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅថ្ងៃខាងមុខនេះ ដូចជាការហែរក្បួនរបស់បក្សនយោបាយ ឬការជួបជុំរបស់បក្សនយោបាយជាដើម គឺត្រូវជួយសម្រួលឲ្យមានភាពអព្យាក្រឹត្យ យុត្តិធម៌ និងត្រឹមត្រូវបានល្អ៕»

សូមជំរាបថា យុទ្ធនាការឃោសនាបោះឆ្នោតចាប់ផ្តើមនៅថ្ងៃទី ០៧ ខែកក្តដា ដល់ថ្ងៃទី ២៧ កក្ដដា ខណៈដែលថ្ងៃទី២៨ កក្តដា ជាថ្ងៃ «ស» ហើយថ្ងៃទី២៩ កក្តដា ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation