អាជ្ញាធរខេត្តព្រះសីហនុ ត្រៀមចុះដាក់អាល់ប៊ែត និងបាញ់ថ្នាំសម្លាប់មូសខ្លាដើម្បីទប់ស្កាត់ការផ្ទុះនូវជំងឺគ្រុនឈាម
| ព័ត៌មានជាតិ
SHARE

ព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំដើម្បីត្រៀមបំរុងសម្ភារបរិក្ខារ ចុះដាក់ថ្នាំអាល់ប៊ែត និងបាញ់ថ្នាំសម្លាប់មូសខ្លាក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរសុខាភិបាល មន្ទីរអប់រំ យុវជន និងកីឡា និងអាជ្ញាធរក្រុង ស្រុក។
បើតាមលោក ទី លីឡេង ប្រធានកម្មវិធីគ្រុនឈាមខេត្តព្រះសីហនុ បានឱ្យដឹងថា មន្ត្រីជំនាញបានបញ្ជូនថ្នាំអាល់ប៊ែត និងថ្នាំបាញ់សម្លាប់មូសខ្លា ទៅកាន់មណ្ឌលសុខភាពក្រុង ស្រុករួចរាល់ហើយ ព្រមទាំងសំណូមពរដល់អាជ្ញាធរក្រុង ស្រុក ចុះពិនិត្យកន្លែងជួសជុលរថយន្ត កន្លែងប៉:កង់ ពិសេសសំបកកង់រថយន្ត ម៉ូតូ ទុកមិនត្រឹមត្រូវ បង្កជាជម្រកមូសខ្លា។

លោក បានបញ្ជាក់ថា មកដល់ ២៣សប្តាហ៍ដើមឆ្នាំ២០២០នេះ ជំងឺគ្រុនឈាមនៅខេត្តព្រះសីហនុ កើតឡើងចំនួន ១២៥ករណី បើប្រៀបធៀបទៅនឹង ២៣សប្តាហ៍ ឆ្នាំ២០១៩ កើតមានចំនួន ៤៦៧ករណី ថយចុះ៤ដង ដោយសារតែឆ្នាំ២០១៩ នៅទូទាំងប្រទេសកម្ពុជា វាបានផ្ទុះនូវជំងឺគ្រុនឈាម ហើយជំងឺនេះ រយៈពេល៤ឆ្នាំ វាផ្ទុះម្តង ព្រោះជំងឺគ្រុនឈាមវាកើតឡើងតាមរដូវកាល។

ក្នុងកិច្ចប្រជុំ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានណែនាំដល់អាជ្ញាធរក្រុងស្រុក ក៏ដូចមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ជួយអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្ស អាណាព្យាបាល និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវធ្វើអនាម័យនៅតាមលំនៅដ្ឋាន សហគមន៍ កុំឱ្យមានទឹកដក់ក្នុងសំបកកំប៉ុង សំបកកង់ឡាន ម៉ូតូ ដែលជាជម្រកមូសខ្លា ដើម្បីការពាសុខុមាលភាពកូនចៅ និងខ្លួនយើង ព្រោះជំងឺគ្រុនឈាម វាកើតលើកុមារ និងមនុស្សចាស់ផងដែរ។

លោកអភិបាលរងខេត្ត ក៏បានជម្រុញឱ្យអាជ្ញាធរ និងសាខាកាកបាទក្រហមខេត្ត បើកយុទ្ធនាការចុះដាក់ថ្នាំអាល់ប៊ែតនៅតាមខ្នងផ្ទះប្រជាពលរដ្ឋនៅតាមភូមិ ឃុំ ក្រុង ស្រុក ឱ្យបានឆាប់កាន់តែល្អ និងបើកវគ្គបណ្តុះបណ្តាលជំងឺគ្រុនឈាមដល់គ្រូពេទ្យរបស់យើងដើម្បីឆ្លើយតបនឹងជំងឺគ្រុនឈាមបានទាន់ពេលវេលា៕អត្ថបទ ៖ សិរី វឌ្ឍ



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation