ព័ត៌មានជាតិ

ក្រសួងកិច្ចការនារី ទទួលបានអំណោយសម្ភារៈប្រើប្រាស់ ពីអង្គការ UNFPA ដើម្បីបន្តផ្តល់ជូនដល់ស្រីរងគ្រោះ ដោយអំពើហិង្សា នៅ៨រាជធានី/ខេត្ត​

image

  ភ្នំពេញ ៖ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នាព្រឹកថ្ងៃទី២០ ខែឧសភានេះ បានអនុញាតឲ្យ លោក ដានីញ៉ែល អាឡិម៉ូ (Daniel Alemu) តំណាងអង្គការមូលនិធិសហប្រជាជាតិ សម្រាប់ប្រជាជន (UNFPA) ចូលជួបសំណេះសំណាល និងប្រគល់សម្ភារៈប្រើប្រាស់ ចំនួន៤០០ឃិត សម្រាប់ស្រ្តីរងគ្រោះ ដោយអំពើហិង្សា និងយេនឌ័រ។

  បើតាមលោកស្រី ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម នៃក្រសួងកិច្ចការនារី បានប្រាប់ឲ្យដឹងថា អំណោយជាសម្ភារៈប្រើប្រាស់ចាំបាច់នេះ ​ក្រសួងនឹងបន្តយកទៅប្រគល់ជូន ដល់ស្រ្តីរងគ្រោះដោយអំពើហិង្សា នៅក្នុងខេត្តចំនួន៨ ក្នុងនោះមានខេត្តកំពង់ចាម, ព្រះវិហារ, ត្បូងឃ្មុំ, ស្ទឹងត្រែង, ពោធិ៍សាត់, ក្រចេះ, កណ្តាល និងរាជធានីភ្នំពេញ។

 ​  អង្គការ UNFPA សហការជាមួយរដ្ឋាភិបាលកម្ពុជា និងដៃគូ ដោយផ្តោតលើបញ្ហាសំខាន់ៗចំនួន៣ ដូចជា៖ ១)សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ, ២)ក្មេងជំទង់និងយុវវ័យ និង៣)ផ្នែកទិន្នន័យប្រជាសាស្រ្ត។ 

  ក្រសួងកិច្ចការនារី និងដៃគូពាក់ព័ន្ធ បានសហការយ៉ាងជិតស្និទ្ធ ជាមួយអង្គការ UNFPA ក្នុងការរៀបចំទី១)គោលនយោបាយ និងផែនការសកម្មភាពជាតិ​ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តីលើកទី៣, ២)ផែនការនារីរតនៈទី៥, ៣)ការពង្រឹងសមត្ថភាព ក្រុមការងារពហុវិស័យ ក្នុងការឆ្លើយតបអំពើហិង្សា ទាក់ទងនឹងយេនឌ័រ និង៤)គាំទ្រឱ្យមានការបង្កើតកន្លែងផ្តល់សេវាចម្រុះ ជួយជនរងគ្រោះដោយអំពើហិង្សា។     ក្នុងពេលការរីករាលដាលជំងឺកូវីត១៩ យោងតាមសិ្ថតិរបស់អង្គការសុខភាពពិភពលោក (WHO) បង្ហាញថានៅក្នុងពិភពលោក ស្រ្តីប្រឈមនឹងអំពើហិង្សា រហូតដល់ទៅ៣១លាននាក់។ ការកើនឡើងនៃចំនួនស្រ្តីរងគ្រោះ ដោយអំពើហិង្សា ក្នុងអំឡុងពេលវីរ៉ីសកូវីដ១៩ ដោយសារ ការរឹតបន្តឹងមិនឱ្យមានការជួបជុំ ដើម្បីការពារការឆ្លង ដែលធ្វើឱ្យកន្លែងធ្វើការមួយចំនួនត្រូវបិទ ឬកាត់បន្ថយម៉ោងធ្វើការ, ការរកប្រាក់ចំណូល បានតិចជាងមុន, ការភ័យខ្លាចឆ្លងវីរ៉ីស៕អត្ថបទ ៖ សន ពិសិដ្ឋ