ក្រុមប្រឹក្សារាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធររាជធានីភ្នំពេញមានវិធានការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ
| ព័ត៌មានជាតិ
SHARE

  ក្រុមប្រឹក្សារាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធររាជធានីភ្នំពេញមានវិធានការឲ្យបានខ្លាំងក្លាបន្ថែមទៀត លើការទប់ស្កាត់ក៏ដូចជាការបង្ក្រាបទៅលើបទល្មើសព្រហ្មទណ្ឌ ខណៈ នៅក្នុងខែមេសាកន្លងមកនេះ បទល្មើសព្រហ្មទណ្ឌមិនមានការថយចុះនោះទេ ។

  ការស្នើឡើងរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញបែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ១២ខែមេសានេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅរដ្ឋបាលរាជធានីភ្នំពេញ។

  ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំបានបញ្ជាក់ថា ពាក់ព័ន្ធនឹងវិធានការបង្ក្រាបក៏ដូចជាការទប់ស្កាត់នូវបទល្មើសព្រហ្មទណ្ឌក៏ ដូចជាបទល្មើសផ្សេងៗទៀត អាជ្ញាធររាជធានីភ្នំពេញបានយកចិត្តទុកដាក់ ក្នុងការបង្ក្រាប ដើម្បីរក្សា សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសលើការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ ឯកឧត្តម អភិបាលរាជធានីភ្នំពេញក៏បានបញ្ជាក់ផងដែរថា បទល្មើសផ្សេងៗកន្លងមកនេះមានការថយចុះច្រើន ខណៈដែរ ក្លឹបកម្សាន្ត ក៏ដូចជាកន្លែងសប្បាយភាពនានា ត្រូវបានបិទដោយសារការបង្ការនិងទប់ស្កាត់ជំងឺកូវីដ–១៩។

  រីឯបញ្ហាមួយទៀតពាក់ព័ន្ធនឹងការស្នើឡើង របស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ គឺស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចុះពិនិត្យមជ្ឈមណ្ឌលឯកជនសម្រាប់កែប្រែជនរងគ្រោះដោយគ្រឿងញៀន ក្រោយពីមានព័ត៌មានលេចលឺថា មជ្ឈមណ្ឌលឯកជនទាំងនោះ តម្រូវឲ្យមានការបង់ថ្លៃច្រើនដែលជាបន្ទុកដ៏ធ្ងន់ធ្ងររបស់អាណាព្យាបាលជនរងគ្រោះ។ ឆ្លើយតបចំពោះបញ្ហាខាងលើឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលឯកជនសម្រាប់ការកែប្រែជនរងគ្រោះដោយគ្រឿងញៀន ដែលខាងមជ្ឈមណ្ឌលយកតម្លៃខ្ពស់នោះគឺជាតម្លៃដែលអាណាព្យាបាលនិងមជ្ឈមណ្ឌលឯកជនទាំងនោះ បានឯកភាពគ្នាទៅនឹងការកំណត់តម្លៃទាំងនោះហើយ  មានន័យថា មុននឹងយកជនរងគ្រោះទៅដាក់នៅមជ្ឈមណ្ឌលឯកជនទាំងនោះ គឺអាណាព្យាបាលបានឯកភាពទៅនឹងតម្លៃដែលខាងមជ្ឈមណ្ឌលឯកជននោះដាក់ជូនរួចហើយ។ ឯកឧត្តម អភិបាលបានបន្តថាដោយឡែកសម្រាប់មជ្ឈមណ្ឌលឱកាសខ្ញុំគឺមិនមានការបង់ថ្លៃសម្រាប់ការកែប្រែជនរងគ្រោះដោយគ្រឿងញៀននោះទេ ហើយមជ្ឈមណ្ឌលអាកាសខ្ញុំក៏ជាកន្លែងកែប្រែមួយ ដែលមានលក្ខណៈស្តង់ដារផងដែរ ដែលអាចឱ្យកូនចៅប្រជាពលរដ្ឋដែលមានបញ្ហាគ្រឿងញៀនទៅបន្សាបនៅទីនោះបាននិងគួរអោយជឿទុកចិត្ត៕អត្ថបទ៖ម៉ៅ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation