ព័ត៌មានជាតិ

អគ្គស្នងការដ្ឋាននគរបាលជាតិនិងក្រសួងប្រៃសណីយ៍បង្កើតក្រុមការងារHOT LINEដើម្បីឆ្លើយតប ព័ត៌មានការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក

image

  អគ្គស្នងការដ្ឋាននគរបាលជាតិនិងក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍បានសហការគ្នាបង្កើតក្រុមការងារប្រព័ន្ធHotline ដើម្បីទទួលនិងឆ្លើយតបព័ត៌មាន ពីប្រជាពលរដ្ឋពាក់ព័ន្ធនិងការរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។

  កិច្ចប្រជុំធ្វើឡើងនៅអគ្គស្នងការដ្ឋាននគរបាលជាតិនៅព្រឹកថ្ងៃទី០៥ ឧសភា ក្រោម អធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរង នគរបាជាតិនិងឯកឧត្តមម៉ូវ ចរិយា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា  ដោយមានការចូលរួមមន្ត្រី ជំនាញ ក្រសួងប្រៃសណីយ៍ តំណាងក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់ និងមន្ត្រីពាក់ព័ន្ធ ជាច្រើន រូបទៀតផងដែរ។

   ក្រុមការងារប្រព័ន្ធ Hotline បង្កើតឡើងដើម្បីធ្វើការឆ្លើយ តបព័ត៌មានពីប្រជាពលរដ្ឋ  មកមន្ត្រីជំនាញចរាចរណ៍  តាម រយៈប្រព័ន្ធ ព័ត៌មានទាន់ហេតុការណ៍១១៧  (Hotline  117)  ពាក់ព័ន្ធ និង ការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ។ ក្រុមការងារ  Hotline  មាន ភារកិច្ចតាមដាន  និងធ្វើការឆ្លើយតប សំនួររបស់ ប្រជាពលរដ្ឋតាមប្រព័ន្ធព័ត៌មានសង្គម  Facebook , វិទ្យុ,ទូរទស្សទ៍ និងសារព័ត៌មាន ផ្សេងៗទៀតដែលមិនមែនជាការពិត ពាក់ព័ន្ធ ទៅនឹងកិច្ចប្រតិបត្តិការ ក្នុងដំណើរការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក  ដើម្បីធ្វើការដោះស្រាយ និងបំភ្លឺ បានទាន់ពេលវេលា។ 

  គួរកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ  ក្រោយពីមានការអនុវត្តន៍ ការរឹតបន្តឹងច្បាប់ចរាចរណ៍ ដោយធ្វើការផាកពិន័យតាមអនុក្រឹត្យថ្មីបានធ្វើឲ្យចំនួនគ្រោះថ្នាក់ ចរាចរណ៍មានការធ្លាក់ចុះច្រើនគួរអោយកត់សម្គាល់។យោងតាមរបាយការណ៍ របស់ អគ្គស្នងការដ្ឋាននគរបាលជាតិបានដឹងថា នៅថ្ងៃទី០៥ ខែឧសភាឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ ចរាចរណ៍នៅ ទូទាំងប្រទេស កើតឡើងចំនួន ៤ លើកបណ្ដាលឲ្យមានមនុស្សស្លាប់៣នាក់ និងអ្នករបួសធ្ងន់ស្រាលចំនួន៩នាក់ ៕អត្ថបទ ៖ម៉ៅ នរិទ្ធិយ៉ា