ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើរព្រះរាជសារ អបអរសាទរជូនចំពោះលោកដូណាល់ ត្រាំ (លោក DONALD JOHN TRUMP ) ប្រធានាធិបតីនៃសហរដ្ឋអាមេរិក និងប្រជាពលរដ្ឋអាមេរិក ក្នុងឱកាសដែល ពលរដ្ឋអាមេរិកទូទាំងសហរដ្ឋនិងទូទាំងពិភពលោកកំពុងប្រារព្ធពិធី បុណ្យឯករាជ្យរបស់ខ្លួននៅថ្ងៃទី ០៤ ខែកក្តដា ឆ្នាំ២០១៨នេះ។
តាមរយៈព្រះរាជសារដែលបានផ្ញើរជូនលោកប្រធានាធិបតីនៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី ២ កក្តដា របស់ព្រះមហាក្សត្រកម្ពុជា មានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖
« លោកប្រធានាធិបតី ក្នុងឱកាសទិវាឯករាជ្យជាតិនៃសហរដ្ឋអាមេរិក ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមផ្ញើរជូនលោកនូវការ ស្វាគមន៍និងអំណរសាទរចំពោះលោកប្រធានាធិបតីនិងប្រជាពលរដ្ឋ អាមេរិកកាំង។
ខ្ញុំសូមជូនលោកប្រកបដោយសុខភាពល្អនិងសុខដុមរមនា ដើម្បីជាប្រយោជន៍ដល់ការរីកចម្រើនលូតលាស់នៃប្រទេសរបស់ លោកជាបន្តទៀត។
ខ្ញុំសូមសម្តែងនូវជំនឿជឿជាក់ថា ទំនាក់ទំនងដែលមានស្រាប់រវាងព្រះរាជាណាចក្រកម្ពុជានិងសហរដ្ឋអាមេរិក នឹងត្រូវបន្តពង្រឹងនៅក្នុងបណ្តាឆ្នាំខាងមុខ។»
សូមជំរាបថា ថ្ងៃ ៤ កក្តដា ២០១៨នេះ ជាទិវាឯករាជ្យជាតិអាមេរិកកាំង ខួបលើកទី២៤២ ឆ្នាំ ដែលសហរដ្ឋអាមេរិកបានទទួល ឯករាជ្យភាពពីចក្រភពអង់គ្លេសកាលពីឆ្នាំ១៧៧៦ ៕
អត្ថបទ ៖ អោម ចែតច័ន្ទណារ៉ា