ផ្លូវដែកទិសពាយ័ព្យពោធិ៍សាត់ភ្នំពេញត្រូវបានដាក់ឲ្យដំណើរការឡើងវិញ ក្រោយពីផ្អាកដំណើរការជាង៣៥ឆ្នាំ
| ព័ត៌មានជាតិ
SHARE

(ពោធិ៍សាត់) ៖ នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០១៨នេះ ផ្លូវដែក ទិសពាយ័ព្យ ភ្នំពេញ-ពោធិ៍សាត់ ត្រូវបានបើកឱ្យដំណើរការ ជាបណ្ដោះអាសន្ន។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវដែកពោធិ៍សាត់-ភ្នំពេញមាន ប្រវែង ១៦៦គ.ម ឆ្លងកាត់ខេត្តពោធិ៍សាត់-កំពង់ឆ្នាំង-កំពង់ស្ពឺ-កណ្តាល និងរាជធានីភ្នំពេញ ចំណាយថវិកាជាតិ ២៣លាន ៤សែនដុល្លារ ។

កំណាត់ផ្លូវដែកពីពោធិ៍សាត់-ភ្នំពេញនេះ អាចបើកបរបានក្នុងល្បឿន ៣០ គ.ម/១ម៉ និងអាចទ្រទំងន់បាន ១៥តោន ក្នុង១ភ្លៅកង់ ហើយមានស្ថានីយចំនួន ២០ រួមមាន៖

ពោធិ៍សាត់-ទទឹងថ្ងៃ-កំរ៉ែង-បំណក់-ក្តុល-ក្រាំងស្គារ-រមាស-បារាំង-ក្រាំងល្វា-មានក(Meanork)-ត្បែងខ្ពស់-ដំណាក់ស្មាច់-ត្រាចទង-បាត់ដឹង-ទួលលៀប-ត្រពាំងត្នោត-សំរោង-ផ្លូវបំបែក-ពោធិ៍ចិនតុង-ភ្នំពេញ។

រដ្ឋមន្ត្រីក្រសួងសារធារណការនិងដឹកជញ្ជូនបញ្ជាក់ថា កំណាត់ផ្លូវដែកពោធិ៍សាត់-ភ្នំពេញ គឺធ្វើឡើងដើម្បីតភ្ជាប់ទាំងស្រុងផ្លូវដែក ភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ដែលមានប្រវែង ៣៨៦គ.ម។ ផ្លូវដែកនេះបានចាប់ផ្ដើមការសាងដំបូងក្នុងឆ្នាំ១៩២៩ ហើយត្រូវ បានបំផ្លាញដោយសង្គ្រាម ប៉ុន្តែក្រោមនយោបាយឈ្នះ ឈ្នះ និងការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្លូវដែកនេះត្រូវបានចាប់ផ្តើមស្តារឡើងវិញនៅឆ្នាំ២០០៩ ដោយចាប់ផ្ដើមសាងសង់ជាដំណាក់ៗ។ សម្រាប់ការតភ្ជាប់ពីពោធិ៍សាត់មកភ្នំពេញជាដំណាក់កាលចុងក្រោយក្នុងការ តភ្ជាប់ផ្លូវដែកពីភ្នំពេញទៅប៉ោយប៉ែត។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ផ្លូវដែកភាគខាងជើងនេះ គឺជាផ្លូវសេដ្ឋកិច្ចមួយដ៏មានសក្ដានុពលក្នុងការដឹកជញ្ជូន ផលិតផលនានារបស់បងប្អូនទៅកាន់ទីផ្សារក្នុងតំបន់ និងពិសេសលើសពីនេះទៅទៀត គឺការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃ ដែលបងប្អូនប្រជាពលរដ្ឋអាចដឹកទំនិញពីកម្ពុជាទៅថៃ និងដឹកទំនិញពីប្រទេសថៃមកកម្ពុជាវិញ ប្រកបដោយភាពងាយស្រួល សុវត្ថិភាពខ្ពស់ និងចំណាយតិច ព្រោះថាផ្លូវដែកនេះនឹងត្រូវតភ្ជាប់ជាមួយផ្លូវដែកនៃព្រះរាជាណាចក្រថៃ នាពេលខាងមុខដ៏ ខ្លីនេះ។ មួយផ្នែកទៀត ផ្លូវនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថា្នក់ចរាចរណ៍ និងផ្ដល់ការប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូន។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្ថែមថា រាជរដ្ឋាភិបាលនឹងមានគម្រោងជាច្រើនទៀតក្នុងការធ្វើទំនើបកម្មលើផ្លូវដែកនេះ ដូចជា៖

-ការសាងសង់និងជួសជុលស្ថានីយ៍រថភ្លើងព្រមទាំងបំពាក់ស្លាកសញ្ញាសុវត្ថិភាពផ្លូវដែកពីភ្នំពេញ-ប៉ោយប៉ែត
- ការសាងសង់ទីលាន កុងតែន័រផ្លូវដែកនៅស្ទឹងបត់
-ការសិក្សាដើម្បីរៀបចំឲ្យមានរថភ្លើងលើអាកាសដំណើរការដោយស្វ័យប្រវត្តិនៅក្នុងក្រុងភ្នំពេញ
-ការតភ្ជាប់ផ្លូវដែកពីភ្នំពេញទៅកំពង់ផែស្វយ័តភ្នំពេញថ្មី
-ការតភ្ជាប់ផ្លូវដែកទៅតំបន់សេដ្ឋកិច្ចពិសេសដូចជាពីស្ថានីយ៍ទូកមាសទៅរោងចក្រស៊ីម៉ង់ត៍ចក្រីទីង ពីស្ថានីយ៍វាលរេញ ទៅកំពង់ផែកែវផុស ការជំរុញឱ្យមានការវិនិយោគផ្លូវដែកភាគខាងជើងភ្នំពេញ-ស្នូល-ស្ទឹងត្រែង ប្រវែង២៤៨គ.ម
-ការជំរុញឱ្យមានការវិនិយោគផ្លូវដែកពីភ្នំពេញ-សៀមរាប សិរីសោភ័ណ និងការជំរុញឱ្យមានការវិនិយោគផ្លូវដែក តភ្ជាប់ទៅប្រទេសវៀតណាម៕


ដោយ ៖ អោម ចែតច័ន្ទណារ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation