ព័ត៌មានជាតិ

អភិបាលខណ្ឌចំការមនជំរុញអោយប្រជាពលរដ្ឋគិតគូរ យកចិត្តទុកដាក់ថែរក្សាសុខភាព ដើម្បីជៀសផុតពីការឆ្លងមេរោគថ្មី Covid-19

image

  អភិបាលខណ្ឌចំការមនជំរុញអោយប្រជាពលរដ្ឋគិតគូរ យកចិត្តទុកដាក់ថែរក្សាសុខភាព និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការ បង្កានិងទប់ស្កាត់ការរីករាលដាលជាសកលនៃវីរុសប្រភេទថ្មី Covid-19។

  ការជំរុញនេះធ្វើឡើងខណៈលោក ថេង សុថុលអភិបាលខណ្ឌចំការមនអញ្ជើញជាអធិបតីភាពក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋចាស់ជរានិងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត មានទីលំនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ព្រឹកថ្ងៃទី១១ មេសា ក្នុងបរិវេណវត្តថាន់។

  លោក ថេង សុថុលអភិបាលខណ្ឌចំការមន ក្នុងពិធីចែកអំណោយក៏បាន ណែនាំដល់ប្រជាពលរដ្ឋបើមិនមានការចាំបាច់ទេ គួរគប្បីកុំធ្វើដំណើរចេញពីផ្ទះ ហើយត្រូវស្តាប់ការចាក់ផ្សព្វផ្សាយតាម មេក្រូ នៅក្នុងភូមិសង្កាត់នាសព្វថ្ងៃនេះ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដែល ឱ្យ យើងចេះ ថែទាំ សុខភាព ឱ្យបានល្អ ដើម្បីទប់ស្កាត់ ការឆ្លងមេរោគ COVID-19 គឺត្រូវរួមគ្នា ប្រយុទ្ធប្រឆាំង មេរោគកូវីដ ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។ 

  លោកអភិបាលខណ្ឌចំការមន ក៏បានបន្ថែមអោយដឹងទៀតថា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ នូវវីរុស(COVID-19) នេះសូមអោយប្រជាពលរដ្ឋជឿជាក់ ដោយទុកចិត្តមកលើ ការដឹកនាំ និង ធ្វើទៅតាមការណែនាំរបស់ សម្ដេចអគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន និង សេចក្តីណែនាំ របស់ក្រសួងសុខាភិបាលពីវិធានការក្នុងការការពារនៃការឆ្លង មេរោគកូវីដ ១៩នេះ ។ ក្នុងឱកាសនោះដែរក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវប្រកាន់ខ្ជាប់ នូវអនាម័យខ្ពស់ គឺការហូបស្អាត ផឹកស្អាត រស់នៅស្អាត កន្លែងធ្វើការងារស្អាត ដើម្បី ជៀសផុត នូវការឆ្លង និងការរីករាលដាល នៃ វីរុស(COVID-19) នេះ។

  គួរបញ្ជាក់ថាអំណោយដែលចែកជូនប្រជាពលរដ្ឋមានចំនួន៥៣គ្រួសារ គឺជាទេយ្យទានដែលទទួលបានពីព្រះគ្រូចៅអធិការវត្ត គណៈកម្មការ ព្រះសង្សនិង អាចារ្យនៃ វត្តនួនមណីរាម ហៅវត្តថាន់ដែលក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ៥កំប៉ុង សារុង១ និងថវិកាមួយចំនួនផងដែរ៕អត្ថបទ ៖ម៉ៅ នរិទ្ធិយ៉ា

ព័ត៌មានទាក់ទង...