សហព្រះរាជអាជ្ញាអន្តរជាតិចេញសេចក្តីថ្លែងការណ៍ទាមទារបញ្ជូនខ្លួនលោក យឹម ទិត្យ ទៅកាត់ទោស
| ព័ត៌មានជាតិ
SHARE

សហព្រះរាជអាជ្ញាអន្តរជាតិនៃតុលាការខ្មែរក្រហម បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី ២ ខែកក្កដានេះ ស្តីពីសំណុំរឿង ០០៤។

តាមរយៈសេចក្តីថ្លែងការណ៍នេះ សហព្រះរាជអាជ្ញាធរអន្តរជាតិ បានទាមទារឲ្យបញ្ជូនខ្លួនលោក យឹម ទិត្យ អតីតកម្មាភិបាលខ្មែរក្រហមទៅជំនុំជម្រះ ដោយបានចាត់ទុកថា នឹងមិនប៉ះពាល់ដល់ដំណើរការផ្សះផ្សាជាតិ ស្ថេរភាព សន្តិភាព ឬសន្តិសុខក្នុងប្រទេសកម្ពុជានោះឡើយ។ ប៉ុន្តែសហព្រះរាជអាជ្ញាជាតិ យល់ផ្ទុយពីនេះថា លោក យឹម ទិត្យ មិនស្ថិតនៅក្រោមយុត្តាធិការ ឬ ជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបខ្មែរក្រហម ដែលត្រូវយកមកកាត់ទោសនោះឡើយ។ នេះគឺជាការខ្វែងគំនិតគ្នារវាងសហព្រះរាជអាជ្ញាជាតិ និងអន្តរជាតិនៅឯតុលាការខ្មែរក្រហម ដែលជារើយៗភាគីទាំងពីរបានខ្វែងគំនិតគ្នា ពិសសទាក់ទងនឹងសំណុំរឿងចុងក្រោយ គឺសំណុំរឿង ០០៣ និង ០០៤។

ភាពខ្វែងគំនិតគ្នានេះ បានកើតឡើងតាមរយៈការដាក់ដីការសន្និដ្ឋានស្ថាពរនៅក្នុងសំណុំរឿង០០៤ ដែលភាគីទាំងពីរបានដាក់ទៅកាន់សហចៅក្រមស៊ើបអង្កេត កាលពីថ្ងៃទី ៣១ ឧសភា និងថ្ងៃទី ៤ ខែមិថុនា ដើម្បីសម្រេចថា តើលោក យឹម ទិត្យ ស្ថិតនៅក្រោមយុត្តាធិការរបស់តុលាការខ្មែរក្រហមឬទេ? តាមរយៈសេចក្តីថ្លែងការណ៍ចុះថ្ងៃទី ២ កក្កដានេះ សហព្រះរាជអាជ្ញាអន្តរជាតិនៃតុលាការខ្មែរក្រហម បានចេញមកការពារជំហររបស់ខ្លួនថា លោក យឹម ទិត្យ អតីតកម្មាភិបាលជាន់ខ្ពស់នៃរបបខ្មែរក្រហមនៅភូមិភាគនីរតី គឺស្ថិតនៅក្នុងយុត្តាធិការរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។

បើតាមសេចក្តីថ្លែងការណ៍របស់សហព្រះរាជអាជ្ញាអន្តរជាតិ លោក យឹម ទិត្យ គឺជាអតីតកម្មាភិបាលជាន់ខ្ពស់នៃរបបខ្មែរក្រហម ដែលមានតួនាទីជាលេខាតំបន់ភូមិភាគ១៣ ភូមិភាគនិរតី លេខាស្រុកគិរីវង្សខេត្តតាកែវ និងជាអនុលេខាភូមិភាគពាយ័ព្យ និងតំបន់ ១, តំបន់៣ និងតំបន់៤។ នៅក្នុងតួនាទីទាំងនោះ លោក យឹម ទិត្យ ត្រូវបានគេដឹងថា ជាជំនួយការរបស់ តាម៉ុក ដែលជាប្រធានភូមិភាគនីរតី។ ហើយនៅក្នុងតួនាទីនោះហើយ ដែលលោក យឹម ទិត្យ បានគ្រប់គ្រងមន្ទីរសន្តិសុខ (គុក) ហើយបានអនុវត្តគោលនយោបាយបោសសំអាតខ្មាំងនាឆ្នាំ១៩៧៧។ លោក នេត្រ ភត្រា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យតុលាការខ្មែរក្រហម បានលើកឡើងថា ករណីខ្វែងគំនិតគ្នានេះ នឹងត្រូវដោះស្រាយដោយសហចៅក្រមស៊ើបអង្កេតនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានៅពេលសមស្របខាងមុខនេះ។

គួរជំរាបជូនថា ក្រៅពីសំណុំរឿង០០១ និង សំណុំរឿង ០០២ បច្ចុប្បន្នតុលាការខ្មែរក្រហម បានពង្រីកការចោទប្រកាន់នៅក្នុងសំណុំរឿង០០៣ ដែលមានជនជាប់ចោទម្នាក់ឈ្មោះ មាស មុត អតីតមេបញ្ជាការកងទ័ពជើងទឹកនៅខេត្តព្រះសីហនុនិងកំពត និងសំណុំរឿង ០០៤ ដែលមានជនជាប់ចោទចំនួន៣រូប រួមមាន លោក យឹម ទិត្យ លោក អោ អាន និងអ្នកស្រី អ៊ឹម ចែម ។ ប៉ុន្តែ ជាទូទៅ ត្រូវបានសហព្រះរាជអាជ្ញាជាតិចាត់ទុកថា មិនស្ថិតក្រោមយុត្តាធិការរបស់តុលាការខ្មែរក្រហមនោះឡើយ។ កាលពីថ្ងៃទី ២៩ ខែមិថុនា កន្លងទៅ លោកស្រី អ៊ឹម ចែម អតីតអភិបាលស្រុកព្រះនេត្រព្រះនាសម័យខ្មែរក្រហម ត្រូវបានតុលាការខ្មែរក្រហមសម្រេចលើកលែងការចោទប្រកាន់ ដោយសារគ្មានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់លោកស្រី។ ប៉ុន្តែ គេមិនទាន់ដឹងថា តើជនជាប់ចោទ៣រូបទៀតនៅក្នុងសំណុំរឿង ០០៣ និង ០០៤ នឹងមានវាសនារួចផុតពីការចោទប្រកាន់នេះដែរឬទេ?

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation