អ្នកឧកញ៉ា គិត ម៉េង គោរពជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបកំណើតគម្រប់៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគោរពផ្ញើសារជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំរបស់សម្តេច។

សារជូនពររបស់ អ្នកឧកញ៉ា គិត ម៉េង មានខ្លឹមសារដើមទាំងស្រុងយ៉ាងដូច្នេះថា ៖
« សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! ក្នុងឱកាសដ៏មហានក្ខត្តឫក្សសួស្តីប្រពៃថ្លៃថ្លា ប្រកបដោយមនោសញ្ចេតនា អភិរម្យសោមនស្សរីករាយ​នៃខួបកំណើតគម្រប់ជន្មាយុ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ របស់ សម្តេចតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ តាងនាមថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ និងភរិយា សូមអនុញ្ញាតចូលរួមស​ម្តែង​នូវសេចក្តីសោមនស្សរំភើបរីករាយយ៉ាងក្រៃលែង និងក្តីអំណរសាទរឥតឧបមា ចូលរួមជូននូវសព្ទសាធុការពរជ័យ បវសួស្តី សេរីវឌ្ឍនា ជ័យមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ និងសូមគោរពជូនពរ សម្តេចតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត មានជន្មាយុយឺនយូរ សុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ កាយពលរឹងមាំខ្លាំងក្លា និងប្រាសចាកពីរោគាព្យាធិទាំងឡាយទាំងពួង ដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងមាតុភូមិកម្ពុជាជាទីស្នេហា ទទួលបាននូវជោគជ័យថ្មីៗ និងនាំមកនូវសមិទ្ធិផលធំធេងថ្មីៗជាច្រើនថែមទៀត។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ យើងខ្ញុំក៏សូមអនុញ្ញាតសម្តែងនូវ សេចក្តីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ព្រមទាំងការកោតសរសើរយ៉ាងក្រៃលែងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ដែលបានខិតខំប្រឹងប្រែងបូជាអស់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុឯកភាពទឹកដី ផ្សះផ្សា បង្រួបបង្រួមជាតិ នាំមកនូវសន្តិភាពយ៉ាងពេញលេញជូនជាតិ និងប្រជាជនជាទីសេ្នហានៃយើង។ យើងខ្ញុំទាំងអស់គ្នា ក៏មានជំនឿយ៉ាងមុតមាំចំពោះ អគ្គមគ្គុទ្ទេសដ៏ប៉ិនប្រ​សព្វបំផុតប្រកបដោយទេព្យកោសល្យ និងគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ក្នុងការដឹកនាំនាវាកម្ពុជាជាទីស្នេហានៃយើង ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ឲ្យទទួលបាន​ជោគជ័យ​ធំធេង​ដ៏ត្រចះត្រចង់​ជា​បន្តបន្ទាប់ ដោយរក្សា​បានស្ថិរភាពនយោបាយ សុខសន្តិភាព សុវត្ថិភាពពេញលេញ ដែលជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់កសាងប្រទេសជាតិយើង ទាំងផ្នែកពុទ្ធចក្រ និងទាំងផ្នែកអាណាចក្រ សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក៏ដូចជា រក្សាបានកំណើន​សេដ្ឋកិច្ចជាតិ​ខ្ពស់​ដែលធ្វើឲ្យប្រទេសជាតិសម្រេចបានការរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យប្រជាពលរដ្ឋបានរស់នៅសម្បូរណ៍សប្បាយ និងសុខដុមរមនា ប្រកបដោយចីរភាព និងជាពិសេសកិត្យានុភាព និងកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិយើងកាន់តែល្បីរន្ទឺគួរជាទីមោទនៈក្រៃលែង នៅក្នុង​ក្របខណ្ឌតំបន់ និងសកលលោក តាម​​​​រយៈសកម្មភាពការទូតដ៏​ប៉ិនប្រសព្វ និងការដឹកនាំប្រកបដោយកិតិ្តបណ្ឌិតរបស់ សម្តេចតេជោ។

ឆ្លៀតនៅក្នុងឱកាសដ៏ជ័យមង្គលលាភិរម្យប្រពៃថ្លៃថ្លានេះ នៃខួបកំណើតគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ របស់ សម្តេចតេជោ យើងខ្ញុំទាំងអស់គ្នា សូមគោរព សម្តែងនូវសេចក្តីអភិរម្យសោមនស្សរីករាយ ចូលរួមជូននូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី បុត្រប្រសារ ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ​ និង ពលៈ ជានិច្ចនិរន្តរ៍។

សូមសម្តេចអគ្គមហាសេនាបតីតេជោ មេត្តាទទួលនូវអភិវន្ទនកិច្ចគោរពដ៏ខ្ពង់ខ្ពស់ សេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុតអំពីយើងខ្ញុំទាំងអស់គ្នា ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation