សម្ដេចក្រឡាហោម ស ខេង÷ជំរុញការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ជួយកាត់បន្ថយការចង្អៀតណែននៅក្នុងពន្ធនាគារ និងផ្ដល់យុត្តិធម៌ឆាប់រហ័ស ជូនដល់ប្រជាពលរដ្ឋ  
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ:នារសៀលថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរមុខតំណែង ឯកឧត្តម កើត រិទ្ធ ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជំនួសឯកឧត្តម អង្គ វង្សវឌ្ឍានា អតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ដើម្បីជួយកាត់បន្ថយការចង្អៀតណែននៅក្នុងពន្ធនាគារ ក៏ដូចជា ការផ្ដល់យុត្តិធម៌ឲ្យបានឆាប់រហ័ស ជូនដល់ប្រជាពលរដ្ឋ។

ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅទីស្ដីការក្រសួងយុត្តិធម៌ នារសៀលនោះដែរ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា គ្រប់ភាគីពាក់ព័ន្ធត្រូវបន្ដអនុវត្តនូវយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដោយផ្ដោចសំខាន់លើការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ និងការលើកកម្ពស់សេវាយុត្តិធម៌ ដោយបង្កើនប្រសិទ្ធភាពមន្ដ្រីអនុវត្តច្បាប់ និងយុទ្ធប្រឆាំងអំពើបំពានដោយអយុត្តិធម៌ នៅក្នុងសង្គម។

សម្ដេចបន្ដថា ការពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យយុត្តិធម៌ តាមរយៈការពង្រឹងវិន័យ និងការបំពេញវិជ្ជាជីវៈរបស់មន្ដ្រីតុលាការ ព្រមទាំងការលើកកម្ពស់ការផ្ដល់សេវាយុត្តិធម៌នៅតាមសាលាជម្រះក្ដី ប្រកបដោយតម្លាភាព ធានាបានូវយុត្តិធម៌តាមផ្លូវច្បាប់។

សម្ដេចបន្ថែមថា ត្រូវពង្រឹង និងលើកកម្ពស់កម្មវិធីជំនួយផ្នែកច្បាប់ យន្ដការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈការរៀបចំក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌច្បាប់ ព្រមទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីបម្រើឲ្យយន្ដការនេះ ក្នុងគោលដៅកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការ ព្រមទាំងពង្រឹងសុខដុមរមនីយកម្មនៅក្នុងសហគមន៍ និងមូលដ្ឋាន៕អត្ថបទ÷ឃឹម វិសាល 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation