សម្ដេចក្រឡាហោម ស ខេង ៖ បើភូមិណា រកឃើញពលករឆ្លងកូវីដ-១៩ ២ ទៅ ៣នាក់ អាជ្ញាធរអាចនឹងបិទភូមិនោះដោយផ្នែក ឬទាំងស្រុង តាមសភាពជាក់ស្តែង 
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នាព្រឹក ថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានអញ្ជើញ ជា អធិបតី ដ៏ ខ្ពង់ខ្ពស់ ក្នុង ពិធី ជួប សំណេះសំណាល ជាមួយ មន្ត្រីនគរបាល អ ន្តោ ប្រវេសន៍ នៅ អនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា អាជ្ញាធរខ្មែរ គ្មានលទ្ធភាពឃុំពលករខ្មែរ ១៤ថ្ងៃនោះទេ ដោយសារពួកគាត់សម្រុក មកច្រើនពេក ខណៈសម្ដេចបញ្ជាក់ថា បើសិននៅភូមិណាមួយ រកឃើញពលករឆ្លងកូវីដ-១៩ ចំនួន ២ឬ៣នាក់ អាជ្ញាធរអាចនឹងបិទភូមិនោះចោល ដោយមិនឲ្យមានការ ចេញ-ចូល ។

សម្ដេចមានប្រសាសន៍ទៀតថា ថៃបិទការងារមួយចំនួន ដូចជា ការរដ្ឋាន ការរ៉ាអូខេ សណ្ឋាគារ ភោជនីយដ្ឋាន ហាងកាត់សក់ ជាដើម ទើបធ្វើឲ្យពលរកខ្មែរមិនមានការងារធ្វើ។

សម្ដេច មានប្រសាសន៍ថា«ដល់ចឹងប្រជាជនយើង ពលករខ្មែរយើងដែលធ្វើការនៅថៃ ដល់លឺគេថាបិទចឹងទៅ ហើយប្រជាជនថៃ ពលករថៃ ធ្វើការនៅថៃមានអារម្មណ៍ចឹង យើងក៏មានអារម្មណ៍ចឹងដែលតាមគ្នាចឹងទៅ ដូច្នេះ រត់សម្រុកមករឿងអីពីមុនមកគាត់មិនមក។ចឹងបញ្ហារបស់យើងហានិភ័យនៅត្រង់ហ្នឹង នៅត្រង់ថា នៅពេលគាត់មកសម្រុកទៅ យើងនិយាយតាមការជាក់ស្ដែង អត់មានលទ្ធភាពត្រួតពិនិត្យ អស់ទេ។ហើយយើងក៏អត់មានលទ្ធភាព ដើម្បីនឹងឃុំពួកគាត់១៤ថ្ងៃដែរ។វាត្រួតពិនិត្យចឹងទៅ ហើយធ្វើបញ្ជី មុខសញ្ញានឹងនៅកន្លែងណាខ្លះ ស្រុក ភូមិ ខេត្តនៅណា ដើម្បីខេត្តសាមីខ្លួន ធ្វើការគ្រប់គ្រងបន្ដ»។

សម្ដេចបន្ដថា បើសិននៅភូមិណាមួយ មានពលករខ្មែរឆ្លង កូវីដ-១៩ ចាប់ពី ២ទៅ៣នាក់ ភូមិនោះ អាចនឹងបិទរយៈមួយពេលសិន ដើម្បីមានវិធានការដោះស្រាយបន្ដ ជាពិសេស ធ្វើយ៉ាងណាកុំឲ្យរីករាលដាល ទៅភូមិដទៃទៀត ដូច្នេះភាគីពាក់ព័ន្ធត្រូវត្រៀមជានិច្ច កុំឲ្យពលរដ្ឋមានការភ័យខ្លាចឲ្យសោះ។

សម្ដេច ស ខេង បញ្ជាក់យ៉ាងដូច្នេះថា «បើសិនមានកន្លែងណាមួយកើតឡើង (កូវីដ-១៩) គឺថា ឃុំមួយផ្ទះហ្នឹង ឬថា ឃុំមួយកំណាត់ភូមិហ្នឹង ឧទាហរណ៍ថា ភូមិដាច់ដោយឡែកពីគ្នា ៤ទៅ៥ផ្ទះ អ៊ីចឹងទៅ។យើងអាចឃុំកន្លែងហ្នឹង កុំឲ្យគាត់ចេញទៅណា ហើយបើថា ភូមិហ្នឹងជាប់គ្នា ហើយមានច្រើននាក់ ២ទៅ៣នាក់ អ៊ីចឹងទៅ គឺថា ឃុំ ទាំងភូមិហ្នឹងតែម្តង ប៉ុន្មានភូមិហ្នឹង»។

ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ដ្រីមហាផ្ទៃ លើកឡើងថា ចំពោះបញ្ហាបិទព្រលានយន្តហោះនៅកម្ពុជា រាជរដ្ឋាភិបាល គ្មានគោលការណ៍បិទឡើយ ដោយដំណើរការជាធម្មតា ។

រដ្ឋមន្ដ្រីមហាផ្ទៃ ថា បើសិន បណ្ដាប្រទេសនានា គេបិទជើងហោះ មកកម្ពុជា ស្នើនឹងកម្ពុជាជើងបិទហោះហើរដែរ។

រដ្ឋមន្ដ្រីមហាផ្ទៃ អះអាងថា «វិធានការបិទព្រលានយន្ដយើងអត់មានទេ។ហើយបិទព្រំដែន យើងបានជជែកជាមួយថៃ និងវៀតណាមដែរ បានស្រុះគ្នាចឹងដំណើរការចឹង រីឯព្រលានយន្ដហោះនៅដដែលទេ ទាំង៣ ទាំងភ្នំពេញ កំពង់សោម និងសៀមរាប។ប៉ុន្ដែបើសិនណាគេបិទ ប្រទេសគេមិនឲ្យយន្ដហោះមក ដូចតែយើងបិទ ដូចគ្នាទេ ហើយយើងបន្ដតាមដានថែមទៀត»។

សូមរំលឹកថា គិតត្រឹមវេលាម៉ោង១០ យប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺ កូវីដ-១៩ ចំនួន៨៧ករណី ខណៈក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធមួយចំនួនទៀត កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធ ផ្សេងទៀត ៕ អត្ថបទ ៖ ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation