ព្រឹកនេះ! ជប៉ុន ផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការ មានទឹកប្រាក់ប្រមាណ៣១០លានដុល្លារអាមេរិក ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ : សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីចុះហត្ថលេខា លើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន៣៤.១៣៨លានយ៉េនស្មើនឹងប្រមាណ៣១០លានដុល្លារអាមេរិក ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា។

លិខិតប្ដូរសារនេះ គ្របដណ្ដប់ លើការអនុវត្តគម្រោងហិរញ្ញប្បទានឥតសំណង ចំនួន៣ និងឥណទានសម្បទានចំនួន២ គម្រោងដូចជា :

ក.ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តន៍ ដែលចុះហត្ថលេខា ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម មិកាមិ ម៉ាស្សាហុីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា :

ទី១. គម្រោងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅក្នុងក្រុងតាខ្មៅ ដែលមានទឹកប្រាក់ចំនួន៣.៤២១លានយ៉េន ស្មើនឹងប្រមាណ៣១លានដុល្លារអាមេរិក

ទី២. គម្រោងសមារណកម្មការបោះសំអាតមីន និងសង្គ្រោះជនពិការដោយសារមីន ដែលមានទឹកប្រាក់ចំនួន១.០០០លានយ៉េន ស្មើនឹងប្រមាណ៩លានដុល្លារអាមេរិក។

ទី៣. គម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម នៅមានទឹកប្រាក់ចំនួន៣០០លានយ៉េន ស្មើនឹងប្រមាណ២,៧លានដុល្លារអាម៉េរិក។

ខ.ឥណទានសម្បទានសម្រាប់អនុវត្ត: ចុះហត្ថលេខាដល់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានអង្គការ JICA ប្រចាំកម្ពុជា:

ទី១.គម្រោងធ្វើឲ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី២ (ធ្លាម្អម-បាត់ដំបង និងសេរីសោភ័ណ្ឌ-ប៉ោយប៉ែត)

ទី២. គម្រោងធ្វើឲ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី៣ (ព្រែកក្តាម-ធ្លាម្អម) ដែលមានទឹកប្រាក់១១.៧១៥លានយ៉េន ស្មើនឹងប្រមាណ១០៦,៥លានដុល្លារអាមេរិក។

ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងជួយលើកកម្ពស់បន្ថែមទៀត នូវការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម នៃកម្ពុជាឲ្យព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរផងដែរ៕អត្ថបទ : សន ពិសិដ្ឋ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation