ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យជំនាញ៧នាក់របស់ចិន បានមកដល់កម្ពុជាហើយ ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩

image

ព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យ៧នាក់របស់ចិនបានមកដល់ប្រទេសកម្ពុជាហើយ បន្ទាប់ពីជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ប្រទេសទេសចិន ដែលពេលនេះរដ្ឋាភិបាលចិន បានសម្រេចបញ្ជូនគ្រូពេទ្យនោះ មកកាន់ប្រទេសកម្ពុជា ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩ ព្រមទាំងផ្តល់នូវបរិក្ខាពេទ្យសម្រាប់ប្រើប្រាស់ពាក់ព័ន្ធនឹងជំងឺកូវីត១៩។ 

ឯកឧត្តម ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រុមគ្រូពេទ្យជំនួយរបស់ប្រទេសចិនមកកាន់កម្ពុជានាពេលនេះ គឺជាក្រុមគ្រូពេទ្យជំនួយទី១ របស់ចិនដែលត្រូវបានរដ្ឋាភិបាលចិនបញ្ជូនមកកាន់ប្រទេសអាស៊ាន ខណៈដែលជំងឺកូវីត១៩កំពុងរាតត្បាតក្នុងតំបន់ និងទូទាំងសកលលោកគួរអោយបារម្ភ។

គិតរហូតមកដល់យប់ថ្ងៃទី២២ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៤ករណីហើយ ក្នុងនោះមានប្រុស៦៣នាក់ និងនារីចំនួន២១នាក់ ខណៈដែលក្រសួងសុខាភិបាល កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធផ្សេងទៀត។ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ខណៈក្រសួងស្ថាប័នមួយចំនួន ចាប់ផ្តើមដាក់វិធានការទប់ស្កាត់ចំពោះការឆ្លងរីករាលដាលកូវីដផងដែរ៕ដោយ៖អោម ចែតច័ន្ទណារ៉ា