សម្តេចក្រឡាហោម ស ខេង៖រាជរដ្ឋាភិបាលមិនរត់ចោលប្រជាពលរដ្ឋនោះទេខណៈបញ្ហាខូវិត ១៩បន្តកើនឡើងនោះ
| ព័ត៌មានជាតិ
SHARE

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងអះអាងថា រាជរដ្ឋាភិបាលនៅជាប់នឹងប្រជាពលរដ្ឋជានិច្ចបើទោះបីជាករណីមេរោគខូវិត១៩បន្តកើនឡើងក្តី ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យមានការរើសអើងចំពោះបុគ្គលណា ដែលមានមេរោគនេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននាព្រឹកថ្ងៃទី២០ ខែមីន ឆ្នាំ២០២០នេះ បន្ទាប់ពីបើកកិច្ចប្រជុំ ស្តីពីវិធានការណ៍ទប់ស្កាត់នូវជំងឺខូវិត១៩ នៅក្រសួងមហាផ្ទៃ សម្តេច ក្រឡាហោម ស ខេង បានលើកឡើងថា ភាពប៉ះពាល់ចំពោះបញ្ហាមេរោគខូវិត១៩ វាមិនអាចជៀសផុតនោះទេ ទាំង បញ្ហាជីវភាព និងបញ្ហាជម្ងឺ។ ប៉ុន្តែរាជរដ្ឋាភិបាលមិនរត់ចោលប្រជាពលរដ្ឋនោះទេ គឺនឹងខិតខំរកមធ្យោបាយបន្ថែមទៀតដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងចំពោះមេរោគនេះ ខណៈដែលប្រទេសកម្ពុជាកំពុងបន្តកើនឡើងជាបន្តបន្ទាប់នោះ។

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីក៏បានប្រកាសថា ក្រសួងមហាផ្ទៃ បានបិទសាលានគរបាលទាំងអស់នូវទូទាំងប្រទេស ដើម្បីទប់ស្កាត់និង បង្ការបន្តការរីករាលដាលនូវជំងឺខូវិត១៩នេះ ហើយរាជរដ្ឋាភិបាលនឹងមានវិធានការរឹតបណ្តឹងការ ចេញចូលជាច្រើនទៀតដើម្បីការពារនូវមេរោគដ៏កាចសាហាវមួយនេះ។

សម្តេចក្រឡាហោម ស ខេងក៏បានបញ្ជាក់បន្ថែមផងដែរថា ការបិទច្រកចេញចូលជាមួយភាគីវៀតណាម គឺដើម្បីការពារដល់អាយុជីវិតប្រជាពលរដ្ឋខ្មែរ ហើយការបិទជាបណ្តោះអាសន្ននេះគឺមិនមែនជាការឆ្លើយតបចំពោះវៀតណាម ដែលបានបិទច្រកចេញចូលជាមួយកម្ពុជាដោយឯកតោភាគីនោះទេ ហើយក្រៅពីការបិទជាមួយភាគីវៀតណាមកម្ពុជា ក៏គ្មានគម្រោងបិទច្រកចេញចូលជាមួយប្រទេសថៃ និងប្រទេសឡាវផងដែរ។

សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះប្រទេសកម្ពុជា មានវិជ្ជមានអ្នកផ្ទុកមេរោគខូវិត១៩ ចំនួន៤៧នាក់ហើយ ដោយក្នុងនោះស្រីចំនួនបួននាក់ ប្រុសចំនួន ៤៣នាក់ ដែលក្នុងនោះមានជនជាតិចិនម្នាក់ (នៅខេត្តព្រះសីហនុបានជាសះស្បើយ) អង់គ្លេស ៣នាក់ កាណាដា១នាក់ ប៊ែលហ្សិក១នាក់ បារាំង២នាក់(ក្នុងនេះមានកូនប្រុសបង្កើតអាយុ៤ខែ) ម៉ាឡេស៊ី១១នាក់ ខ្មែរ២៨នាក់ (ក្នុងនោះអ្នកវិលត្រឡប់មកពីពិធីសាសនានៅប្រទេសម៉ាឡេស៊ី២៣នាក់ និងមានស្រ្តី២នាក់ (មិនបានធ្វើដំណើទៅម៉ាឡេស៊ី)ជាភរិយាឆ្លងពីស្វាមី៕អត្ថបទ÷ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation