ធនាគារឯកទេសវីង និងសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ដំណោះស្រាយថ្មីក្នុងការទូទាត់ប្រាក់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ធនាគារឯកទេសវីង ដែលជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និង សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាអំពីកិច្ចព្រមព្រៀងភាពជាដៃគូថ្មី នៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០២០នេះ ដើម្បីផ្តល់នូវមធ្យោបាយក្នុងការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែប្រសើរឡើងដល់សមាជិករបស់ខ្លួន តាមរយៈដំណោះស្រាយហិរញ្ញវត្ថុឌីជីថលរបស់វីង។

តាមរយៈភាពជាដៃគូនេះ សមាជិករបស់សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងអាចទទួលបានបទពិសោធន៍ជាមួយផលិតផល និងសេវាកម្មរបស់វីងដែលប្រកបទៅដោយភាពច្នៃប្រឌិត ហើយត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនសហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម ព្រមទាំងអតិថិជនសហគ្រាសខ្នាតតូច និងមធ្យម ដោយផ្តល់ជូនពួកគេនូវភាពងាយស្រួលក្នុងការគ្រប់គ្រងអាជីវកម្មប្រចាំថ្ងៃ ទាំងតាមប្រព័ន្ធអ៊ីនធឺណិតនិងក្រៅប្រព័ន្ធអ៊ីនធឺណិត តាមរយៈការប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំ និងបណ្តាញភ្នាក់ងារវីងជាង ៧.៥០០កន្លែងទូទាំងប្រទេស។

ឧកញ៉ា តែ តាំងប៉ ប្រធានសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានមានប្រសាសន៏ថា៖ «ខ្ញុំជឿជាក់ថាភាពជាដៃគូនេះនឹងនាំមកនូវបច្ចេកវិទ្យាឈានមុខគេនៃសេវាកម្មហិរញ្ញវត្ថុឌីជីថលរបស់វីង ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សមាជិក ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ និងធ្វើសមាហរណកម្មនៅក្នុងតំបន់ ខណៈពេលដែលប្រទេសកម្ពុជាក៏ដូចជាប្រទេសជាច្រើនទៀតកំពុងឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលនាពេលដ៏ឆាប់ខាងមុខនេះ»។

ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០ សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា គឺជាបណ្តុំនៃអាជីវកម្មធុនតូច មធ្យមនៅកម្ពុជា មានសមាជិកជាង៣០០ ដែលជាម្ចាស់នៃក្រុមហ៊ុនជំនួញផ្សេងៗជាច្រើននៅទូទាំងប្រទេសកម្ពុជា។ សហព័ន្ធនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញកំណើនសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាតាមរយៈការធ្វើសមាហរណកម្មទីផ្សារក្នុងតំបន់ ក៏ដូចជាទីផ្សារសកល។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ថា៖ «សហគ្រាសធុនតូច និងមធ្យម បានរួមចំណែកយ៉ាងសំខាន់ចំពោះភាពរឹងមាំ និងស្ថេរភាពនៃសេដ្ឋកិច្ចរបស់កម្ពុជា។ យើងបានយល់ដឹងយ៉ាងច្បាស់នូវបញ្ហាប្រឈមរបស់សហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមដែលកំពុងតែជួបប្រទះចំពោះការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ ហេតុដូចច្នេះហើយ យើងបានផ្តួចផ្តើមគំនិតថ្មីៗដែលជាដំណោះស្រាយដ៏ល្អក្នុងការដោះបន្ទុកទាំងនេះ ដើម្បីឲ្យពួកគេអាចផ្តោតលើការការពង្រីកអាជីវកម្មជាងមុន។»

វីង បានផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ដែលមានប្រសិទ្ធផល និងប្រសិទ្ធភាព ក្នុងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម ប្រកបភាពងាយស្រួល និងមានការធានា។ ផលិតផលនិងសេវាកម្មទាំងនេះរួមមាន៖ សេវាកម្មបើកប្រាក់បៀវត្សដែលមានភាពងាយស្រួលនិងរហ័ស  សេវាទូទាត់វិក្កយបត្រ សេវាទូទាត់ចំណាយតាមអនឡាយ ជាមួយនឹងដំណោះស្រាយនៃការទូទាត់ផ្សេងៗទៀតតាមរយៈកម្មវិធីស្មាតហ្វូនវីង ដែលបានផ្តល់ឲ្យពួកគេនូវជម្រើសហិរញ្ញវត្ថុកាន់តអស្ចារ្យជាមុន។

គួរបញ្ជាក់ថា ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាធនាគារចល័តឈានមុខគេមួយនៅកម្ពុជា ឥឡូវនេះ វីងគឺជាស្លាកយីហោមួយដែលត្រូវបានទទួលស្គាល់និងទុកចិត្តបំផុត ក្នុងការផ្តល់ជូនសេវាកម្មទូទាត់ប្រាក់តាមទូរស័ព្ទចល័ត និងអេឡិចត្រូនិច ហើយបានចាប់ដៃគូជាមួយពាណិជ្ជករជាង ៤ ម៉ឺនក្រុមហ៊ុន និងបានសហការជាមួយ Mastercard, Western Union, MoneyGram, Wechat, និង Alipay ជាដើម៕ដោយ៖អៀវ ឈៀងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation