លទ្ធផល​ផ្លូវការនៃជំរឿនទូទៅប្រជាជន ឆ្នាំ២០១៩ នឹងត្រូវពន្យារពេលចេញផ្សាយ ដោយសារផលប៉ះពាល់ពីជំងឺកូវីដ១៩   
| ព័ត៌មានជាតិ
SHARE

  ភ្នំពេញ ៖ លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានស្ថិតិ នៃក្រសួងផែនការ បានមានប្រសាសន៍បញ្ជាក់ថា លទ្ធផលផ្លូវការនៃជំរឿនទូទៅប្រជាជន ដែលគ្រោងនឹងចេញផ្សាយ នៅខែកក្កដាខាងមុខនេះ នឹងមិនអាចធ្វើទៅបាន តាមការគ្រោងទុកនោះទេ។

  លោកជំទាវបានបញ្ជាក់ថា ដោយសារតែមានការភ័យខ្លាច​ នៃការរាតត្បាត ពីវីរ៉ុសកូវីដ១៩ បានបណ្តាលឲ្យមន្ត្រីមួយចំនួន ដែលធ្វើការពាក់ព័ន្ធនឹងការកែ និងបញ្ចូលទិន្នន័យ មិនហ៊ានមកបំពេញការងារ។ មូលហេតុនេះហើយ ដែលលោកជំទាវបញ្ជាក់ថា លទ្ធផលផ្លូវការនៃជំរឿន មិនអាចបង្ហាញទៅតាមការគ្រោងទុកបាន។ ចំពោះកាលបរិច្ឆេទថ្មី ពាក់ព័ន្ធនឹងការចេញផ្សាយលទ្ធផលជំរឿននោះ លោកជំទាវមិនទាន់ប្រាប់ឲ្យដឹង នៅឡើយនោះទេ។   

  ការលើកឡើងរបស់លោកជំទាវ  ហង់ លីណា បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាព និងការងារបន្ត របស់ក្រសួងផែនការ ដែលរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី១៩ ខែមីនានេះ ដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី។

  គួរជម្រាបថា កាលពីចុងខែកុម្ភៈកន្លងទៅនេះ, លោកជំទាវ ហង់ លីណា បានបញ្ជាក់ថា លទ្ធផលផ្លូវការ នៃការធ្វើជំរឿនទូទៅប្រជាជន ឆ្នាំ២០១៩ គ្រោងបង្ហាញជាផ្លូវការ នៅខែកក្កដា ឆ្នាំ២០២០ ក្រោយបិទបញ្ចប់ទាំងស្រុង។​ ​លោកជំទាវ​ បានបញ្ជាក់ថា លទ្ធផលនៃការធ្វើជំរឿនទូទៅ ប្រជាជន ឆ្នាំ២០១៩ មានតម្លាភាព និងត្រឹមត្រូវ រហូតដល់៩៧.៥ភាគរយ ដែលអាចឲ្យស្ថាប័នពាក់ព័ន្ធ យកទៅប្រើប្រាស់តាមតម្រូវការ ពិសេសសម្រាប់ការយកទៅធ្វើផែនការផ្សេងៗ ខណៈតួលេខនេះ ក៏ត្រូវបានបញ្ជូនទៅ អង្គការសហប្រជាជាតិផងដែរ។

  ការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា មានសារសំខាន់ខ្លាំងណាស់ និងជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ និងច្បាស់លាស់ ព្រមទាំងបានកំណត់ ចរិកលក្ខណៈ ស្ថានភាពរស់នៅពិតប្រាកដ របស់ប្រជាជននៅទូទាំងប្រទេស។ ជំរឿនប្រជាជន គឺជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ អំពីចំនួនប្រជាជន និងចរិតលក្ខណៈប្រជាជន នៅក្នុងប្រទេស៕អត្ថបទ ៖ សន ពិសិដ្ឋ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation