ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញលើកឡើងថា៖ បញ្ហាសំរាម សំណល់រឹង គឺជាបញ្ហាប្រឈមសំខាន់មួយ ក្នុងចំណោមបញ្ហាប្រឈមចំនួន៣

image

អភិបាលរាជធានីភ្នំពេញលើកឡើងថា៖ បញ្ហាសំរាម សំណល់រឹង គឺជាបញ្ហាប្រឈមសំខាន់មួយ ក្នុងចំណោមបញ្ហាប្រឈមចំនួន ៣ ដែលរាជធានីភ្នំពេញ កំពុងជួប ប្រទះ ត្រូវធ្វើការដោះស្រាយ ដែលបញ្ហាទាំងនេះរួមមាន៖បញ្ហាស្ទះចរាចរណ៍ បញ្ហាស្ទះលូនិងបញ្ហាសំរាម ។

ឯកឧត្តមឃួង ស្រេងអភិបាលរាជធានីភ្នំពេញលើកឡើងបែបនេះក្នុងពិធីបើកអង្គសន្និសីទស្តីពីដំណើរការនិងនីតិវិធីលទ្ធកម្មដេញថ្លៃជ្រើសរើសក្រុមហ៊ុនផ្តល់សេវាកម្មប្រមូលនិងដឹកជញ្ជូនសំរាម សំណល់រឹងនៅរាជធានីភ្នំពេញរសៀលថ្ងៃទី១២ មីនានេះនៅរដ្ឋបាលរាជធានីភ្នំពេញ។

ឯកឧត្តម អភិបាលបានបន្ថែមអោយដឹងថាក្នុងអំឡុងខែតុលា ឆ្នាំ២០១៩ រាជរដ្ឋាភិបាល កម្ពុជា បានធ្វើកំណែទម្រង់ នៃការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ដោយបានដកសិទ្ធិលើការប្រមូល និងដឹកជញ្ជូន សំរាម របស់ក្រុមហ៊ុនស៊ីនទ្រី និងបានលុបចោល នូវយន្កការនៃការប្រមូលថ្លៃសំរាម តាមវិក្តយបត្រអគ្គិសនី ។

ក្នុងន័យនេះ ដើម្បីរៀបចំកែសម្រួលប្រព័ន្ធ គ្រប់គ្រងសំរាម សំណល់រឹង អោយមានប្រសិទ្ធភាព តាំងពីដើមរហូត ដល់ចប់ បានសេចក្តីថា តាំងពីការបង្កើតសំរាម រហូតដល់ការទុកដាក់ និងការកែឆ្នៃសំរាម រដ្ឋបាលរាធានីភ្នំពេញ ក្រោមការដឹកនាំ ជាគោលនយោបាយ និងបច្ចេកទេស របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងបរិស្ថាន យើងបានរៀបចំការគ្រប់គ្រងនេះ ជា២ដំណាក់កាល គឺដំណាក់កាល អន្តរកាល និងដំណាក់កាល ក្រោយពេលបានជ្រើសរើស ក្រុមហ៊ុនផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នីៅរាជធានីភ្នំបេញរួច ។លោកបន្តថា សម្រាប់ដំណាក់កាលអន្តរកាលនេះ ការផ្តល់សេវាប្រមូល និងដឹកជញ្ចូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ គឺអនុញ្ញាតអោយក្រុមហ៊ុនស៊ីនទ្រីផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម ជាបណ្តោះអាស្នសិន រហូតដល់ មានក្រុមហ៊ុនថ្មី បានមកជំនួស ។

លោកបន្ថែមទៀតថា បច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ កំពុងធ្វើការរៀបចំដំណើរការ និងនីតិវិធី លទ្ធកម្មដេញថ្លៃ ដែលដំណើរការនេះនឹងត្រូវរៀបចំ អោយមានភាពយុត្តិធម៌ តម្លាភាព និងស្របតាមស្តង់ដារអន្តរជាតិ ដើម្បីជ្រើរើស ក្រុមហ៊ុនដែលមានសមត្ថភាព ពេញលេញ ទាំងបទពិសោធន៍ បច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំបេញ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ រាជធានីភ្នំពេញ នឹងត្រូវបែងចែកជា៣តំបន់ សម្រាប់អោយក្រុមហ៊ុន ធ្វើការជ្រើសរើស ក្នុងការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងទៅតាមតំបន់ទាំង៣ ផ្សេងៗគ្នា ហើយចំពោះដំណើរការ និងនីតិវិធីលទ្ធកម្មនេះ នឹងត្រូវឆ្លងកាត់ជា២ដំណាក់កាល៖ ទី១ ការវាយតម្លៃ ជ្រើសរើសក្រុមហ៊ុនចំនួន ៣ ក្នុងការផ្តល់សេវាតាមតំបន់ដែលបានកំណត់ ។

គួរបញ្ជាក់ថាមកដល់ពេលនេះមានក្រុមហ៊ុនចំនួន២០ហើយដែលបានមកយកពាក្យដេញថ្លៃប្រមូលសំរាមនៅរាជធានីភ្នំពេញហើយកាលបរិច្ឆេតនៃការទទួលពាក្យដាក់ដេញថ្លៃនឹងបញ្ចប់នៅថ្ងៃទី៣១មិនា ឆ្នាំ២០២០ខាងមុខនេះ។នេះបើតាមការបញ្ជាក់របស់អាជ្ញាធររាជធានី ក្នុងកិច្ចប្រជុំ សាមញ្ញលើកទី១០របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ កាលពីព្រឹកថ្ងៃទី១២មិនា នៅសាលារាជធានី ក្រោមអធិបតីភាពឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានី ភ្នំពេញ, ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ៕អត្ថបទ ៖ម៉ៅ នរិទ្ធិយ៉ា